បុរស​ជនជាតិ​ចិន​ស្រវឹង​ជោគ​បើករថយន្ត Lexus បុក​ម៉ូតូ​រ៉ឺម៉ក ស្លាប់​១​នាក់​

20-February-2016 | ដោយ មែន កំសត់


 ភ្នំពេញ​៖ បុរស​ម្នាក់​បាន​បោក​ក្បាល​និង​ថ្ម ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារ​បុរស​ម្នាក់​ជា​ជន​ជាតិចិន ស្រវឹងស្រា​ជោកជាំ បាន​បើករថយន្ត បុក​រឺ​ម៉ក​របស់​ជនរងគ្រោះ ពីក្រោយ​ពេញទំហឹង នៅ​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លី ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២0១៦ នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេង​ទុង កែង​នឹង​ផ្លូវ​ត្រសក់ផ្អែម ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​បើតាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ បុរស​ជា​ជនរងគ្រោះ​ខាងលើ បាន​បើក​រ៉ឺម៉ក​តែម្នាក់ឯង ចេញពី​តាខ្មៅ ដើម្បី​ទៅ​ដឹក​ឥ​វ៉ាន់​នៅ​ម្តុំ​ត្រឡោកបែក ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​បុរស​ជា​ជន​ជាតិចិន​ម្នាក់ ដែល​ស្រវឹងស្រា​ជោកជាំ បាន​បើករថយន្ត​បង្ក​ម៉ាក LEXUS ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-9998 បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ស្របគ្នា ជាមួយ​ម៉ូតូ​ជនរងគ្រោះ​។​

​លុះ​មកដល់​ចំណុចកើតហេតុ ត្រង់​ផ្លូវ​ម៉ៅ​សេទុង កែង​នឹង​ផ្លូវ​ត្រសក់ផ្អែម រថយន្ត​បាន​បុក​ម៉ូតូ​រ៉ឺម៉ក ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រ៉ឺម៉ក​អូស​ទៅបុក​នឹង​បង្គោល ស្លាក​សញ្ញា​បង្ហាញផ្លូវ​បាក់​អស់​មួយ​ដើម​ទៀត​។ ចំណែកឯ​ជនរងគ្រោះ​នោះ បាន​ផ្លោង​ទៅ​បោក​ក្បាល​នឹង​ថ្ម​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​ហេតុតែ​ម្ដង​។​

​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​នោះ បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន រហូត​ទៅដល់​ផ្លូវ​ព្រះមុន្នីវង្ស ខាង​ត្បួ​ង​ស្ទុប​បូកគោ ប្រហែល​៣០០​ម៉ែត្រ ខណៈដែល​រថយន្ត​បង្ក​នោះ បាន​បែក​កង់​មុខ​ផ្នែក​ខាងស្ដាំ ទើប​មិនអាច​បន្តទៅ​មុខ​បាន ភ្លាមៗ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​ដល់ និង​ឃាត់ខ្លួន​ជនបង្ក​បាន​ផងដែរ​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​យក​រថយន្ត​បង្ក​រួមទាំង​ម្ចាស់ និង​រ៉ឺម៉ក់​ទៅ​ការិយាល័យ​ចរាចរណ៍ ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ ដោយឡែក​សព​ជនរងគ្រោះ ត្រូវបាន​ស្គាល់ឈ្មោះ សួស នាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ដឹក​គ្រឿង​សមុទ្រ ស្នាក់នៅ​ម្ដុំ​តាខ្មៅ​។ សព​ត្រូវបាន​បងប្អូន​មក​ទទួល​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​ខេត្តស្វាយរៀង​៕

ចំនួនអ្នកទស្សនា

    20519447

  • ថ្ងៃនេះ11961
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55111
  • ខែនេះ76991
  • ឆ្នាំនេះ76991
  • សរុប20519447