ថៅកែ​កាស៊ីណូ​ជនជាតិ​ថៃ ត្រូវគេ​សម្លាប់ រួច​យកទៅ​កប់​ក្នុង​ដី​

22-February-2016 | ដោយ មែន កំសត់



​ប៉ៃលិន​៖ លោក​ឧ​ត្ត​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ប្រាប់ តាមរយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ​នេះ​ថា មាន​ហេតុ​ការភ្ញាក់ផ្អើល​មួយ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃនេះ ដោយ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​មួយ កប់​ក្នុង​ដីព្រៃ​មួយកន្លែង​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​ខេត្ត​ប៉ៃលិន ហើយ​សាកសព​នោះ អាចជា​ថៅកែ​កាស៊ីណូ​ជនជាតិ​ថៃ ដែល​បាន​បាត់​ខ្លួន​ចាប់​តាំង​ថ្ងៃទី​១៣ ខែកុម្ភៈ​មកម្ល៉េះ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ទៀតថា យ៉ាងណា​មកដល់ពេលនេះ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋាន​ច្បាស់​ថា សាកសព​នោះ​ជា​បុរស​ជនជាតិ​ថៃ ដែល​បាត់​ខ្លួន ឬ​យ៉ាងណា​នោះទេ ព្រោះ​មិនទាន់​គាស់​ពី​ក្នុង​ដី​ឡើង ដោយ​គ្រាន់តែ​បញ្ជាក់​ភិនភាគ​ប្រហាក់ប្រហែលគ្នា ដោយ​នៅពេលនេះ​សមត្ថកិច្ច​ជំនាញ កំពុង​ធ្វើ​កោសល្យវិច័យ​ផងដែរ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​ថៃ ដែល​បាន​បាត់​ខ្លួន មានឈ្មោះ ស៊ុ​និ​ត ចាក​ឈុ​ជី​រះ​សាក់​ធាន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​៨ ឃុំ​ណង​រី ស្រុក​មឿង ខេត្ត​ឈុន​ប៊ុន​រី ប្រទេស​ថៃ​។​

​សមត្ថកិច្ច​បាន​បន្ថែម​ទៀតថា កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ម៉ោង​ប្រហែល ៦​និង​១៣​នាទី​ល្ងាច ជនរងគ្រោះ​កំពុង​នៅក្នុង​កាស៊ីណូ​ហ្វា​មី​ហ្គោ ប៉ៃលិន ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ពេល​កំពុងធ្វើការ ក៏មាន​ជន​មិន​ស្គាល់មុខ​ទូរស័ព្ទ​ណាត់ ទៅ​ហូបបាយ​នៅ​ហាង​ចេក​វ័​ន្ធ នៅ​ចំណុច​ផ្សារ​ព្រំ ដោយ​ជិះ​ម៉ូតូឌុប មកដល់​ចំណុច​ខាងលើ គេ​ឃើញ​ក្រុម​ដែល​ណាត់​ហូបបាយ​ក៏​បន្តដំណើរ ដោយ​ជិះ​រថយន្ត ម៉ា​កូ​រូ​ឡា មិន​ចាំ​ស្លាក​លេខ​បើក​ចេញទៅ​បាត់ លុះដល់​ថ្ងៃទី​១៤ ខែកុម្ភៈ ខាង​ក្រុមហ៊ុន​ទំនាក់ទំនង មក​លោកស្នងការ​ខេត្ត ទើប​ធ្វើ​ការចុះ​ស្រាយ​ជ្រាវ តែ​រហូតមកដល់ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦ ក៏មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​គំ​ដី នឹង​ប៉ែល​ដាក់​នៅ​ជិត​នោះ​ឆ្ងល់ ក៏​កាយ​មើលឃើញ​ក៏​ឃើញ​សព​បុរស​ម្នាក់ តែ​មិន​បញ្ជាក់ថា ជា​ជនជាតិ​ថៃ​នោះទេ​៕

ចំនួនអ្នកទស្សនា

    20519987

  • ថ្ងៃនេះ12501
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55651
  • ខែនេះ77531
  • ឆ្នាំនេះ77531
  • សរុប20519987