មេបញ្ជាការរង​កងពល​តូច​ថ្នើ​រ​ជើង​លេខ​៥១​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍

22-February-2016 | ដោយ មែន កំសត់


​បន្ទាយមានជ័យ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដំឡូង បុក​នឹង​រថយន្ត​មួយគ្រឿង កាលពី​វេលា​ម៉ោង​១២​យប់​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦ លើ​កំ​ណាំ​ត់​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​លើ​ភ្នំ ស្ថិត​ក្នុងស្រុក​ព្រះនេត្រព្រះ នៃ​ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​មេបញ្ជាការរង​កងពល​តូច​ថ្នើ​រ​ជើង​លេខ​៥១ បាន​ស្លាប់​នៅក្នុង​រថយន្ត​យ៉ាង​អាណោចអាធម​។​
​លោក មាស រិទ្ធី អធិការ​ស្រុក​ព្រះនេត្រព្រះ បាន​ប្រាប់​ឲ្យ ដឹង​តាមរយះ​ទូរស័ព្ទ ថា​ជនរងគ្រោះ​មានឈ្មោះ ហ៊ុល ប៊ុនធឿន ជា​មេបញ្ជាការរង​កងពល​តូច​ថ្នើ​ជើង​លេខ​៥១​។ លោក​បាន​បន្តថា  ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើង ខណៈដែល​ជនរងគ្រោះ​បាន​បើករថយន្ត​១​គ្រឿង​ម៉ាក កាមរី​ឆ្លាម ចង្កូត​ស្តាំ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2F-3053 ធ្វើដំណើរ​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ដឹក​ដំឡូង​១​គ្រឿង​ទៀត​ម៉ាក ហ៊ី​ណូ ពណ៌​លឿង​លា​យស ពាក់​ស្លាក​លេខ 3A-2846 ទិសដៅ​បញ្ច្រាស​គ្នា បាន​រ៉េ​ចង្កូត​មក​ខាងស្តាំ បុក​គ្នា​ជាមួយ​រថយន្ត​កាមរី និង​ក្រឡាប់ចាក់​ដំឡូង​សង្កត់​លើ​រថយន្ត​នោះ បណ្តាល​ឲ្យ​អ្នកបើកបរ​ដែលជា​ជនរងគ្រោះ​ស្លាប់​ក្នុង​រថយន្ត​តែម្តង​។ រីឯ​តៃកុង​រថយន្ត​ដឹក​ដំឡូង​បាន​រត់គេចខ្លួន​បាត់ស្រមោល មុន​សមត្ថកិច្ច​ជំនាញ​ទៅដល់​កន្លែងកើតហេតុ​។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​អូស​សាកសប​ជនរងគ្រោះ​ចេញមកក្រៅ រួច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​រថយន្ត​ទាំង ២​គ្រឿង បាន​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​តាមច្បាប់​បន្ត និង​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​នាពេល​ក្រោយ​៕

ចំនួនអ្នកទស្សនា

    20521357

  • ថ្ងៃនេះ13871
  • ម្សិលមិញ15191
  • សប្តាហ៍នេះ57021
  • ខែនេះ78901
  • ឆ្នាំនេះ78901
  • សរុប20521357