បន្ទាយមានជ័យ៖ ដោយសារភ្លើងប្រច័ណ្ឌ បានបង្ខំឲ្យបុរសជាប្តីទាញ កាំបិតកាប់លើ ប្រពន្ធរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ រួចបុរសប្តីបានយកកាំបិត អារកខ្លួនឯង តាមក្រោយ តែសំណាងល្អមិនស្លាប់នោះទេ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាល បានប្រាប់ឲ្យដឹង ថា ជនបង្កជាប្តីឈ្មោះ សុខ សារ៉ុម អាយុ៥៥ឆ្នាំ និងប្រពន្ធរងគ្រោះឈ្មោះ ឡុង ចាន់ធី អាយុ៤៤ឆ្នាំ មានមុខរបរជាកម្មករ។ មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយមានជម្លោះគ្នា រឿងប្តីប្រច័ណ្ឌប្រពន្ធរួចមក ស្រាប់តែលោកប្តីទប់អារម្មណ៍មិនបាន ក៏ទាញកាំបិតកាប់ ទៅលើប្រពន្ធគ្មានត្រាប្រណីរហូតរងរបួសធ្ងន់ ហើយក្រោយបង្កអំពើហិង្សា លើប្រពន្ធរួចមក ទំនងខូចចិត្តក៏យកកាបិតដដែលនេះ ចាប់អារកខ្លួនឯង តែមិនស្លាប់ ត្រូវគេជួយសង្គ្រោះទាន់។
ក្រោយហេតុការណ៍នេះកើតឡើង សមត្ថកិច្ចបានបញ្ជូនស្ត្រី រងគ្រោះជាប្រពន្ធ និងប្តី(ជនបង្ក)ទៅសង្គ្រោះបន្ទាន់នៅមន្ទរីពេទ្យបង្អែកប៉ោយប៉ែត៕