មណ្ឌលគីរី៖ ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួនពីរនៅខេត្តមណ្ឌលគិរី កំពុងប្រឈមនឹងការប្តឹងពីគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើស ព្រៃឈើថ្នាក់ជាតិដែលបានដាក់ពាក្យប្ដឹងក្រុមហ៊ុននេះទៅ តុលាការខេត្តមណ្ឌលគិរី។ប៉ុន្តែមន្ត្រីតុលាការនិងសមត្ថកិច្ចជំនាញ ព្រៃឈើបានបញ្ជាក់ថាគឺមានតែក្រុមហ៊ុនមួយប៉ុណ្ណោះដែលមានពាក្យបណ្តឹង នៅតុលាការរីឯក្រុមហ៊ុនមួយទៀតកំពុងចងក្រងឯកសារ។
សារព័ត៌មាន ក្នុងស្រុកមួយបានឲ្យដឹងថាបន្ទាប់ពីការស៊ើបអង្កេតបានបញ្ចប់ គណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើថ្នាក់ជាតិបានដាក់ ពាក្យបណ្តឹងចូលស្ថាប័នអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីប្តឹងពី ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួនពីរទាក់ទិនករណីស្តុកឈើ ខុសច្បាប់។ ពាក្យបណ្ដឹងលើក្រុមហ៊ុនទាំងពីរដែលរួមមានក្រុមហ៊ុនប៊ិញភឿក១ (Bin Phuoek 1) និងក្រុមហ៊ុន យូនី ហ្គ្រីន (Uni Green) ត្រូវបានបញ្ជូនទៅដល់មន្ត្រីរដ្ឋបាលស្ថាប័នអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លោកវង សុខសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីបានឲ្យដឹងតាមទូរស័ព្ទនៅ ព្រឹកថ្ងៃទី២៥កុម្ភ:នេះថាចំពោះពាក្យបណ្តឹងរបស់គណៈកម្មការ ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិដែលបានប្ដឹងក្រុមហ៊ុន សម្បទានដីសេដ្ឋកិច្ចចំនួនពីរនៅខេត្តមណ្ឌលគិរីនោះគឺពាក្យបណ្តឹងទៅ ស្ថាប័នតុលាការមានតែក្រុមហ៊ុនមួយគឺក្រុមហ៊ុនប៊ិញភឿក១ (Bin Phuoek 1)។ចំណែកក្រុមហ៊ុន យូនី ហ្គ្រីន (Uni Green)កំពុងរៀបចំឯកសារនឹងដាក់ជាបន្តបន្ទាប់។
ចំណែកលោកឡុង ហុងម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរីក៍បានបញ្ជាក់ស្រដៀង នឹងនាយខណ្ឌរដ្ឋបាលព្រៃឈើដែរថាពិតជាមានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលខាងគណៈកម្មការទប់ស្កាត់និងបង្ក្រាបទល្មើព្រៃឈើថ្នាក់ជាតិ ដាក់ពាក្យបណ្តឹងចូលមក។បច្ចុប្បន្នយើងកំពុងចាត់ការទៅតាមនីតិវិធី ច្បាប់។ លោកបានបន្តថាក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដំបូងដែលមន្ត្រីស្ថាប័ន អយ្យការបានទទួលពាក្យបណ្ដឹងទាក់ទិនករណីស្តុកឈើខុសច្បាប់។
តាមបណ្តាញព័ត៌មានក្នុងស្រុកដដែលបានបញ្ជាក់ដែរថាកាលពីថ្ងៃទី២២ កុម្ភៈឆ្នាំ២០១៦កន្លងទៅលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់អ្នកសារព័ត៌មានថា គណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ បានបញ្ជូនរបាយការណ៍ករណីបទល្មើសព្រៃឈើដែលរកឃើញនាពេលថ្មីៗនេះ ទៅតុលាការខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ បន្ទាប់ពីបានបញ្ចប់បញ្ជីសារពើភ័ណ្ឌមួយចំនួន នៃឈើដែលត្រូវបានរកឃើញនៅក្នុងរោងអារឈើ ឃ្លាំងស្តុកឈើ និងនៅក្នុងចម្ការកៅស៊ូក្រុមហ៊ុន។
ទាក់ទិនបញ្ហានេះសមត្ថកិច្ចមិនអាចស្វែងរកតំណាងក្រុមហ៊ុនប៊ិញភឿក១ និងក្រុមហ៊ុន យូនី ហ្គ្រីន ដើម្បីសុំបញ្ជាក់ពីពាក្យបណ្ដឹងលើក្រុមហ៊ុនទាំងពីរបានទេ នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៦នេះ៕