កំពត៖រថយន្តមួយគ្រឿងគេសន្និដ្ឋានថា អ្នកបើកបរងងុយដេកទើបរថយន្តក្រឡាប់ចូលស្នាមភ្លោះ បណ្តាលឲ្យឆ្លងចរន្តភ្លើងបង្កឲ្យឆេះរថយន្តនោះខ្ទេច។ តែមិនបណ្តាលឲ្យមនុស្សចំនួនបីនាក់ ក្នុងរថយន្តរងរបួស និងបាត់បង់ជីវិតទេក្នុងហេតុការណ៍ដែលបានកើតឡើងនៅលើកំណាត់ ផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខ សាលាបឋមសិក្សារលួស ក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។
នគរបាលបានប្រាប់ឱ្យដឹងថាអ្នកបើកបរ រថយន្តត្រូវបានគេស្គាល់ឈ្មោះអ៊ុក សុភ័ណ្ឌ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទី លំនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែករថយន្តរងការខូចខាតទាំងស្រុងនោះម៉ាកតូយ៉ូតាកាមរី ពាក់ស្លាកលេខ ភ្នំពេញ 2F-6093។
ប្រភពដដែលបានឱ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ខែកុម្ភៈ សមត្ថកិច្ចបានតទួលព័ត៌មានថា មានរថយន្តមួយគ្រឿងកំពុងឆេះ ត្រង់ចំណុចមុខសាលាបឋមសិក្សារលួស។ ពេលនោះកម្លាំងប្រញាប់ប្រញាល់ចុះដល់គោលដៅភ្លាមៗ។ក្នុងចំណោមមនុស្ស ប្រុសស្រីបីនាក់ដែលបានធ្វើដំណើរតាមរថយន្តនោះមិនមានអ្នកណាម្នាក់ រងរបួសទេដោយពួកគេស្ទុះស្ទារចេញក្រៅទាន់ បន្ទាប់ពីរថយន្តជ្រុលធ្លាក់ស្នាមភ្លោះក្រឡាប់ និងផ្ទុះធុងហ្គាសនោះ។
ប្រភពដដែលបញ្ជាក់ថា រថយន្តនេះ ធ្វើដំណើរមកពីរាជធានីភ្នំពេញ សំដៅឆ្ពោះទៅខេត្តព្រះសីហនុ ហើយសង្ស័យអ្នកបើកបរងងុយដេកអាចងោកមួយភាំង។ សមត្ថកិច្បានប្រាប់ឱ្យដឹងថា នៅត្រង់ចំណុចកើតហេតុនេះ តែងជួបករណីគ្រោះថ្នាក់ចរាចរញឹកញាប់ និងមានការបាត់បង់ជីវិតមនុស្សអស់ច្រើន នាក់មកហើយព្រោះជាចំណុចផ្លូវកោងខ្លាំង។ ដូច្នេះជាការអំពាវនាវ សូមអ្នកដំណើរទាំងអស់បង្កើនកិច្ចប្រុងប្រយ័ត្ន ខណៈមកដល់ក្បែរចំណុចកើតហេតុខាងលើ ជាពិសេសករណីប្រើប្រាស់ ល្បឿនក្នុងការបញ្ជាយានយន្តរបស់ខ្លួន៕