ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក ក្នុងនោះយប់ ៤លើក បណ្ដាលអោយមនុស្សស្លាប់ ៤នាក់ ( ប្រុស) រងរបួសធ្ងន់ ១០នាក់ ( ស្រី ៤នាក់ ) និងរបួសស្រាល ៧នាក់ ( ស្រី ១នាក់ ) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ទាំង ១០លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៦គ្រឿង រួមមាន ម៉ូតូចំនួន ៩ គ្រឿង រថយន្តធុនតូច ចំនួន ៥ គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង និងអ្នកថ្មើរជើង ៣នាក់ ។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្ដាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក , ស្រវឹង ២លើក ,មិនគោរពសិទ្ធិ ២លើក , ប្រជែងគ្រោះថ្នាក់ ១លើក និងកត្តាយានយន្ត ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៩នាក់ (យប់ ៥នាក់) ។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក ផ្លូវខេត្ត/ក្រុង ចំនួន ២លើក និងផ្លូវលំ ចំនួន ១លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ៤លើក និងរថយន្តធុនធំ ២លើក ។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន សណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ខេត្តកំពត ២លើក ស្លាប់ ១នាក់ របួស ២នាក់ ( ស្រី ) ខេត្តកោះកុង ២លើក ស្លាប់ ១នាក់ របួស ១នាក់ ខេត្តបន្ទាយមានជ័យ ១លើក ស្លាប់ ១នាក់ របួស ៣នាក់ ( ស្រី ) ខេត្តពោធិ៍សាត់ ១លើក ស្លាប់ ១នាក់ របួស ១នាក់ និងខេត្តកំពង់ឆ្នាំង ១លើក របួស ៤នាក់ ( ស្រី ២នាក់ ) ។
ប្រភពព័ត៌មានពីនាយកដ្ឋាន សណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៩០៩២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៤៥៧១គ្រឿង ពិន័យសរុប ៤៥២១គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព ២៤៥២នាក់ ៕