ស្ទឹងត្រែង ៖ ស្ត្រីម្នាក់ជិះម៉ូតូចេញពីផ្ទះបានបន្តិច ចៀសរថយន្តដឹកដីឡើងទួលកៀនថ្នល់រអិលដួល ត្រូវបានរថយន្តកិនបែកក្បាលមួយចំហៀង បណ្ដាលឲ្យស្លាប់ភ្លាមៗកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នៅចំណុចផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុង ខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាលក្រុង ស្ទឹងត្រែងបានឲ្យដឹងថា ជនរងគ្រោះ ស្លាប់ដោយសាររថយន្តកិនមានឈ្មោះម៉ាន់ គឹមហួ ភេទស្រី អាយុ៤៦ឆ្នាំមានទីលំនៅ ក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
បើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា នៅមុនកើតហេតុ គេបានឃើញស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកស្មាក់ ពណ៌ក្រហមគ្មានស្លាកលេខ ចេញពីផ្ទះក្នុងទិសដៅពីត្បូងមកជើង ខណៈនោះក៏មានរថយន្តបែនដឹកដីកូរ៉េ២តោនកន្លះ បើកពីជើងមកត្បូង ក្នុងទិសដៅច្រាសគ្នា ហើយស្ត្រីរងគ្រោះបានរអិលដួលនៅកៀនថ្នល់។ ពេលនោះរថយន្តបានមកដល់ល្មម ដោយសារផ្លូវលំតូចប៉ិនមួយរថយន្ត ក៏បានកិនស្ត្រីរងគ្រោះចំក្បាលផ្នែកខាងឆ្វេង បែកមួយចំហៀងលៀនភ្នែក ស្លាប់មួយរំពេច។
សមត្ថកិច្ចបន្តថា ក្រោយពេល កើតហេតុរថយន្តបង្កបានថយមកក្រោយ បើករត់គេចបាត់ស្រមោល។ តែទោះជាយ៉ាងរថយន្តដឹកដីខាងលើ ត្រូវបានសមត្ថកិច្ចស្គាល់ ក្រុមរថយន្តដឹកដីផ្សេងទៀត ដែលបានដឹកដីជាមួយគ្នា ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីនាំយករថយន្តនិងម្ចាស់មកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកម៉ូតូជនរងគ្រោះបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក។ សពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី