សមត្ថកិច្ច​បង្ក្រាប​កាស៊ីណូ​ខុសច្បាប់​មួយកន្លែង​នៅក្នុង​បុរី​ប្រិ​ម​ប្រី​យ៍​

29-February-2016 | ដោយ មែន កំសត់


សៀមរាប ៖ ដើម្បី​អនុវត្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ណ៍ជាតិ អន្តរជាតិ មក​ស្នាក់នៅ​ទស្សនា​កម្សាន្ត​ខេត្តសៀមរាប និង​ការយកចិត្ត​ទុក ដាក់​ខ្ពស់​របស់​ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប បានដាក់​នូវ​បទបញ្ជា​ដល់​កងកម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត និង ស្នងការ​នគរបាល​ខេត្ត កាលពី រាត្រី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុងការ​បង្ក្រាប ទីតាំង​កាស៊ីណូ​ខុសច្បាប់​មួយកន្លែង ជ្រោក​ក្រោម​ស្លាក​ភោជនីយដ្ឋាន យីហោ សាន់​ស៊ាំ​ង ស្ថិតនៅក្នុង​បុរី​ប្រឹម​ប្រី​យ៍ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចកក្រុងខេត្តសៀមរាប ។

កិច្ចប្រតិបត្តិការ​បង្ក្រាប់​ទីតាំង​កាស៊ីណូ​នេះ បាន​ប្រព្រឹត្ត​ធ្វើទៅ​កាលពី​វេលា​ម៉ោង​១៩ និង​៣០​នាទី ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អម​រ៉ា ស្នងការរង​នគរបាល​ខេត្ត​, លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត និង​ដោយមាន​អាជ្ញាធរ​ក្រុង រួមសហការ​គ្នា​ដឹកនាំ​កម្លាំង បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​នៅ​នឹង​ទីតាំង​លេងល្បែង​ផ្ទាល់​បាន​ចំនួន ១៤​នាក់ មាន​ស្រី​៥​នាក់ ដែលជា​បុគ្គលិក ជា​អ្នកគ្រប់គ្រង និង​សន្តិសុខ​កាស៊ីណូ ព្រមទាំង​អ្នក​ដែល​បាន​ចូលមក​លេងល្បែង​ផងដែរ ។

តាម​ការបញ្ជាក់​របស់​លោក​វរសេនីយ៍ទោ ថា ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណីនេះ បាន​ឲ្យ​ដឹងថា ទីតាំង​កាស៊ីណូ​ដែល​ជ្រក​ក្រោម​ភោជនីយដ្ឋាន យីហោ សាន់ ស៊ាំ​ង នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​តាមដាន​ជា​យូរ​មកហើយ ។ នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ កម្លាំង​យើង​បានឃើញ​ទីតាំង​នេះ ដឹក​នូវ​សម្ភារៈ​ចូលមក​កាន់​ភោជនីយដ្ឋាន​នេះ ដែល​សុទ្ធសឹង​ជា​ឧបករណ៍ អេ​ឡិច​ត្រូ​និ​ច (​ទូ​ហ្គេម​)  ហើយ​ទីតាំង​នេះ​គឺ​បាន​បើក​លេង​ទៅដោយ​ភាព​ស្ងៀមស្ងាត់ ។ លុះ​នៅ​រាត្រី​ថ្ងៃទី​២៨ ខែកុម្ភៈ ២០១៦​នេះ ដោយបាន​កំណត់​នឹង​ក្តាប់បាន​នូវ​ទីតាំង​ច្បាស់លាស់ និង​ទទួលបាន​នូវ​បទបញ្ជា​ពី គណៈ បញ្ជាការ​ឯកភាព​ខេត្ត  កម្លាំង​អាវុធហត្ថ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត បាន​ចុះ​ធ្វើការ​បង្ក្រាប ដោយ​ឃាត់ខ្លួន​មនុស្ស​បាន ១៤​នាក់ ។ ក្នុងនោះដែរ​វត្ថុតាង​ដែលជា​ឧបករណ៍ សម្រាប់​បម្រើការ​លេងល្បែង រួមមាន ទូ​ហ្គេម​បាញ់​ត្រី ០៣​គ្រឿង ទូ​ហ្គេម​បញ្ឈរ ២៨​គ្រឿង  រ៉ូ​ឡិច ០១​គ្រឿង  តាប​លេងបៀ ចំនួន​០៤  កុំព្យូទ័រ ០២​គ្រឿង  បៀរ ១០​កេស  កា​ម៉ា​រ៉ា​សុវត្ថិភាព ០៥​គ្រឿង  និង សម្ភារៈ តុ កៅអី ជាច្រើន ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​ដកហូត​ជា​វត្ថុតាង ដឹកជញ្ជូន​យកមក​រក្សាទុក​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ផងដែរ ។

ចំពោះ​ម្ចាស់​ទីតាំង​នេះ សមត្ថកិច្ច​នៅ​មិនទាន់បាន​បញ្ជាក់​របស់​បុគ្គល​ណា​ម្នាក់​ឡើយ ជា​ជនជាតិ​អ្វី​នៅឡើយ គឺ​មានតែ​អ្នកគ្រប់គ្រង ដែល​សមត្ថកិច្ច​បាន​កំពុង​សួរនាំ ។ ក្នុងនោះដែរ ក៏មាន​វត្តមាន​របស់​លោកស្នងការ​នគរបាល​ខេត្ត និង មន្ត្រី​តុលាការខេត្ត បាន​អញ្ជើញ​ទៅដល់​ទីតាំង​កាស៊ីណូ ក្រោយ​ពេលដែល​កម្លាំង​សមត្ថកិច្ច ធ្វើការ​ចាប់បញ្ជូន​ក្រុម​អ្នក​ល្បែង​ទៅកាន់​ទីបញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត ៕

ចំនួនអ្នកទស្សនា

    20522287

  • ថ្ងៃនេះ14801
  • ម្សិលមិញ15191
  • សប្តាហ៍នេះ57951
  • ខែនេះ79831
  • ឆ្នាំនេះ79831
  • សរុប20522287