ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ របួសធ្ងន់​ស្រាល​២៨​នាក់ ស្លាប់​អ្នកបើកបរ​ម្នាក់

02-March-2016 | ដោយ មែន កំសត់

 
​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវ​ជាតិ​លេខ​៤ នៅ​យប់​ថ្ងៃទី​១ ខែមីនា​នេះ ត្រង់ចំណុច​អូរ​ត្រាវ ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ដោយ​រថយន្ត​៦​គ្រឿង​បុក​បន្ត​គ្នា ក្នុងនោះ​មាន​រថយន្ត​កុងតឺន័រ​ចំនួន​២​គ្រឿង រថយន្ដ​ដឹក​កម្មករ​១​គ្រឿង រថយន្ត​ដឹកទំនិញ​១​គ្រឿង និង​រថយន្ត​ធុន​តូច​២​គ្រឿង បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម្នាក់ រងរបួស​ធ្ងន់ ៧​នាក់ និង​របួសស្រាល​២១​នាក់​។​

​ដោយឡែក​អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​សស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា យប់​នៅ​ថ្ងៃទី​១ ខែមីនា​នេះ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ បុក​បន្ត​គ្នា​នៅ​ខេត្ត​ព្រះសីហនុ បាន​បណ្តាល​ឲ្យ​កម្មករ​ចំនួន​២៣​នាក់ រងរបួស​ធ្ងន់​ស្រាល ក្នុងនោះ​២​នាក់​របួស​ធ្ងន់ធ្ងរ ត្រូវ​ដឹក​បញ្ជូនមក​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដើម្បី​សង្គ្រោះបន្ទាន់ ខណៈ​២១​នាក់​ផ្សេងទៀត បាន​រួច​ផុតពី​សេចក្តីស្លាប់ ហើយ​កំពុង​ដេក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះដែរ បានធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ចំពោះ​ការចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន និង​ព្យាបាល​លើ​កម្ម​ករទាំង​២៣​នាក់​នោះ ប​សស ជា​អ្នកទទួល​ត្រូវ​ទាំងស្រុង​៕

ចំនួនអ្នកទស្សនា

    20523437

  • ថ្ងៃនេះ261
  • ម្សិលមិញ15681
  • សប្តាហ៍នេះ59101
  • ខែនេះ80981
  • ឆ្នាំនេះ80981
  • សរុប20523437