អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាបបាន មេក្លោង​គ្រឿងញៀន​បញ្ជា​ចេញពី​ក្នុង​គុក​

04-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​៖ ដោយមាន​ការដឹកនាំ​បញ្ជា​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលមាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​ឬ​ស្សី​កែវ កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌ និង​កម្លាំង​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន បាន​សហការគ្នា ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ អស់​រយៈពេល​ជាច្រើន​ខែ ទើប​កំណត់​មុខសញ្ញា​បាន ឈានដល់​ការបង្ក្រាប​ជាក់ស្តែង នូវ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន កាលពី​វេលា ម៉ោង​១០​និង ១៥​នាទី​យប់ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ចំណតរថយន្ត ក្រុមហ៊ុន​អង្គរ​អ៊ិ​ច​ប្រេ​ស ក្បែរ​គល់ស្ពាន​ជ្រោយចង្វារ ដោយ​ចាប់​យកបាន គ្រឿងញៀន ប្រភេទ ម៉ា​ទឹកកក ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ ជាង​បី​គីឡូក្រាម និង ថ្នាំ​គ្រាប់​WY ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន​១៧​សុង និង​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​ឈ្មោះ ឌី ធូ​រ៉ា ហៅ​ត្រា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ក្នុងខណៈ​ពេលដែល បុរស​រូបនោះ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​។​

​តាមរយៈ​ចម្លើយសារភាព​របស់​ជ​ន​ល្មើស ដែល​ឃាត់ខ្លួន​បាន​ខាងលើ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រកឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ បាន​០៥​នាក់ ផ្សេងទៀត ដែលជា​ទណ្ឌិត​កំពុង​អនុវត្ត​ទោស ក្នុង​ពន្ធនាគារ ក្នុងនោះ​មាន​ជនជាតិខ្មែរ​០២​នាក់ ជនជាតិ​វៀតណាម​០១​នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ​០២​នាក់​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង បានបញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ទៀតថា ជនល្មើស​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ឌី ធូ​រ៉ា ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នេះ គឺ​ក្រោម​ការចាត់ចែង​បញ្ជា​ផ្ទាល់ ចេញពី​ក្នុង​ពន្ធនាគារ ដែលមាន​ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ​ពីរ​នាក់ ជា​មេក្លោង​ធំ រីឯ​ជនជាតិខ្មែរ​ពីរ​នាក់​ទៀត​ដែល​នៅក្នុង​គុក​ដែរនោះ ជា​អ្នកទំនាក់ទំនង​ជាមួយ​មេក្លោង​ធំ បញ្ជា​តម​ក​ក្រៅ ហើយ​ឈ្មោះ ឌី ធូ​រ៉ា ដែល​នៅ​ខាងក្រៅ គឺ​ចាំ​ទទួលបញ្ជា ពី​អ្នក​នៅក្នុង​គុក​ឲ្យ​ចាំ​ទទួល​ថ្នាំញៀន ពី​មនុស្ស​ផ្សេងទៀត ដែល​វា​មិន​ស្គាល់​ក្នុងនោះ​មាន​ជនជាតិខ្មែរ និង​ជនជាតិ​ស្បែក​ខ្មៅ ដែល​ធ្លាប់​បានប្រគល់​ថ្នាំញៀន​ឲ្យ​វា ជា​អ្នក​យកទៅ​បែងចែក​បន្ត នៅពេល​មាន​បញ្ជា​ពី​អ្នក​នៅក្នុង​គុក​តាមរយៈ​ទូរស័ព្ទ ថា​ត្រូវ​យកទៅ​ឲ្យ​អ្នកណា នៅ​កន្លែង​ណា ចំនួន​ប៉ុន្មាន ហើយ​អ្នក​ដែល​មក​ទទួលយក​ពី​វា ក៏​វា​មិន​ស្គាល់​ដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៦ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្កើត គណកម្មការ ដែលមាន​ការចូលរួម​ត្រួតពិនិត្យ​ពី​ព្រះរាជអាជ្ញា ហ៊ឹង ប៊ុនថន និង​លោក ឡេង ណា​ង ជា​ក្រឡាបញ្ជី ដើម្បី​ធ្វើការ​រាប់​ចំនួន ថ្លឹង និង​ធ្វើតេស្ត៍ ជា​លទ្ធផល​ឃើញថា​មាន ថ្នាំ​គ្រាប់​WY ឬ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ មាន​ចំនួន​ជាង​១០​ម៉ឺន (​ដប់​ម៉ឺន​បី​ពាន់​ប្រាំមួយរយ​គ្រាប់​) និង​ម៉ា​ទឹកកក ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ ចំនួន​៣​គីឡូក្រាម​មួយ​ខាំ​។ តាមរយៈ​ការធ្វើ​តេស្ត៍​ឃើញថា ថ្នាំញៀន​ទាំងអស់នោះ មាន​គុណភាព​សុទ្ធ​១០០​ភាគរយ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ដែល​បាន​ចាប់យក សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី រីឯ​បក្សពួក​ជនល្មើស ដែល​នៅ​សេសសល់​ផ្សេងៗ​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ប្រ​ម៉ាញ់​បន្ត​៕

ចំនួនអ្នកទស្សនា

    20523707

  • ថ្ងៃនេះ531
  • ម្សិលមិញ15681
  • សប្តាហ៍នេះ59371
  • ខែនេះ81251
  • ឆ្នាំនេះ81251
  • សរុប20523707