ភ្នំពេញ៖ មន្ត្រីអាវុធហត្ថម្នាក់បានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯង កាលពីល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញនេះ ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនទាន់ដឹងមូលហេតុ។
ប្រភពពីអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា ប៊ុនហុង អាយុ៤៣ឆ្នាំ ជាមន្ត្រីអ.ហលើផ្ទៃប្រទេស មានទីលំនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
ស្ត្រីម្នាក់ជាអ្នកភូមិផ្ទះក្បែរខាងគ្នា ក៏បានប្រាប់ឲ្យដឹងផងដែរថា ករណីនេះបណ្ដាលមកពីជនរងគ្រោះ សុំម្ដាយរបស់ខ្លួនលក់ដីតែម្ដាយបដិសេធ ចំណែកឯ លោកយាយវ័យជាង៧០ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះបាននិយាយបណ្ដើរយំបណ្ដើរថា មុនពេលកើតហេតុ កូនប្រុសគាត់មកពីធ្វើការ ក៏សុំគាត់លក់ដី ដើម្បីសង អេស៊ីលីដា ប៉ុន្តែរូបគាត់ក៏ឆ្លើយថា "ឯងចាញ់ល្បែងឬ"។
ពេលនោះកូនប្រុសរបស់គាត់ បានឡើងទៅលើផ្ទះជាមួយប្រពន្ធ ដែលទើបតែមកពីធ្វើការនៅរោងចក្រ ស្រាប់តែគាត់ឮសំឡេងលាន់ផាំង ប្រពន្ធក៏ស្រែកយំរកគេជួយ ហើយជនរងគ្រោះក៏ដេកស្លាប់នៅលើគ្រែពូក ក្បែរកាំភ្លើងម៉ាក k59 ដោយជនរងគ្រោះបានបាញ់ត្រូវសៀតថ្កាឆ្វេងខ្លួនឯង១គ្រាប់ ៕