បុរស​ម្នាក់​រំលោភ​សម្លាប់​ក្មេងស្រី រួច​ព្យួរ​ក​សាកសព​ដើម្បី​បង្វែរ​ដាន

08-March-2016 | ដោយ មែន កំសត់


សៀមរាប​៖  រឿង​ដ៏​សាហាវព្រៃផ្សៃ​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ ខេត្តសៀមរាប ដោយ​ក្មេងស្រី​អាយុ ១១ ឆ្នាំ​ម្នាក់ ត្រូវបាន​ជន​ល្មោភកាម​ម្នាក់​ចាប់រំលោភ រួច​សម្លាប់​ហើយ​ចង​ព្យូ​រក​ជាប់​នឹង​បង្អួច ដើម្បី​ឲ្យ​គេ​ភាន់​ច្រ​លំ​ថា​ជា​ករណី​សម្លាប់ខ្លួន​។ នេះ​បើ​យោងទៅតាម​ព័ត៌មាន​ដែល​ទទួលបាន​ពី​សមត្ថកិច្ច​នគរបាល ខេត្ត​។​

​ស្នងការ​នគរបាល ខេត្តសៀមរាប លោក ឌួង សុខា បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​នេះ​ថា នៅ​គ្រា​កើតហេតុ ក្មេងស្រី​រងគ្រោះ​កំពុងតែ​នៅក្នុង​ផ្ទះ​របស់​នាង​ដែល​ស្ថិត​ក្នុងស្រុក ពួក​តែម្នាក់ឯង​។ នៅពេលដែល​មីង​ស្រីក្មេង​រងគ្រោះ​បាន​ត្រឡប់​ពី​ផ្សារ​មកដល់​ផ្ទះ​វិញ គាត់​បានឃើញ​សាកសព​ក្មួយ​ស្រី​របស់គាត់​ចង ក ព្យួរ​នឹង​ចម្រឹង​បង្អួច​ជាមួយនឹង​ខ្សែកាប​ទូរទស្សន៍​។​

​បុរស​ឈ្មោះ ស កុសល អាយុ ២៥ ឆ្នាំ ដែលជា​អ្នកជិតខាង បាន​ឆ្លើយតប​ទៅនឹង​សម្រែក​ទ្រហោយំ​របស់​មីង​ក្មេងស្រី​រងគ្រោះ​ដោយ​រត់ មក​កន្លែងកើតហេតុ និង​បាន​កាត់​ខ្សែកាប​ទម្លាក់​ក្មេងស្រី​ចុះមក តែ​ក្រោយមក បុរស​នោះ​ក៏​ត្រូវបាន​សមត្ថកិច្ច​ប្រកាសថា រូបគេ​គឺជា​ជនជាប់សង្ស័យ​ក្នុង​អំពើ​រំលោភ​សម្លាប់​នេះ ហើយ​បន្ទាប់មក​ក៏​ត្រូវបាន​ឃាត់ខ្លួន​។​

​លោក សុខា បញ្ជាក់ថា​៖ «​យើង​គិតថា​ទីតាំង និង​របៀប​ដែល​ក្មេងស្រី​រងគ្រោះ​ចងក​នេះ គឺជា​ចំណុច​ដែល​គួរ​ឲ្យ​សង្ស័យ​។ យើង​បាន​យក​សាកសព​ក្មេងស្រី​រងគ្រោះ​មក​ធ្វើ កោ​ល​ស្យ​វិ​ច្ឆ័​យ …​ហើយ​យើង​បាន​រកឃើញថា​នាង​ត្រូវបាន​គេ​ចាប់រំលោភ​។ យើង​ក៏បាន​សន្និដ្ឋានថា រឿងនេះ​មិនមែនជា​ករណី​អត្តឃាត​នោះទេ វា​ជា​ករណី​រំលោភ​ហើយ​សម្លាប់​»​។​

​លោក​បន្តថា​៖ «​មីង​របស់​ក្មេងស្រី​រងគ្រោះ​បានឃើញ​ក្មួយ​ស្រី​របស់គាត់​ចង ក នឹង​ចម្រឹង​បង្អួច​បែបនេះ គាត់​ក៏បាន​ស្រែកហៅ​ឲ្យ​គេ​ជួយ ហើយ​ភ្លាមៗ​នោះដែរ ជនសង្ស័យ បានរ​ត់ទៅ​កន្លែងកើតហេតុ ហើយ​ជួយ​កាត់​ខ្សែកាប​ចេញពី​បង្អួច​។ យើង​បាន​ចាប់​រូបគេ​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​»​។​
​សមត្ថកិច្ច​ប៉ូលិស​ក្នុងស្រុក​កំពុងធ្វើការ​ជាមួយ​អង្គភាព​ការពារ កុមារ (CPU) ក្នុងការ​ប្រ​មួល​ភស្តុតាង DNA នៅ​កន្លែងកើតហេតុ​យកទៅ​ធ្វើ​កោ​ល​ស្យ​វិ​ច្ច័​យ​។​
​ផ្អែក​ទៅតាម​តួលេខ​ប្រចាំឆ្នាំ​របស់ CPU បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំមុន ខេត្តសៀមរាប​មាន​ចំនួន​ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​កុមារ​សរុប​ចំនួន ៣៩ ករណី ដែលជា​តួលេខ​ខ្ពស់បំផុត ក្នុងចំណោម​ខេត្ត​ក្រុង​ទាំងអស់់​របស់​ប្រទេស កម្ពុជា ដោយ​ក្នុងនោះ​មាន​រួមបញ្ចូល​ករណី​រំលោភ​បូក និង​ឃាតកម្ម​ផងដែរ​។ បន្ទាប់ពី​ខេត្ត សៀមរាប​គឺ ខេត្តបាត់ដំបង មាន​ចំនួន ៣៣ ករណី​។​

​លោក James McCabe នាយក​ប្រតិបត្តិ​របស់​អង្គភាព​ការពារ​កុមារ​នេះ​បាន​ប្រាប់​ឲ្យដឹង ពីថ្ងៃ​ម្សិលមិញ​ថា៖ ខេត្ត​ទាំងពីរ​នេះ (​បាត់ដំបង និង សៀមរាប​) មាន​អត្រា​ឃាត់ខ្លួន​ដល់​ទៅ ៩០ ភាគរយ ពោលគឺ​ខ្ពស់​មែនទែន ហើយ​ក៏បាន​បន្តទៀតថា កត្តា ជាច្រើន​ដែល​បណ្តាល​ឲ្យ​អត្រា​រំលោភ​មានការ​កើនឡើង​នៅ​ទូទាំងប្រទេស​មាន ដូចជា ការ​នៅតែ​ម្នាក់ឯង កង្វះ​ការអប់រំ រឿង​អាសអាភាស និង​កង្វះ​សេវាកម្ម​សម្រាប់​អ្នក​ដែលមាន​ជំងឺផ្លូវចិត្ត​៕

ចំនួនអ្នកទស្សនា

    20527317

  • ថ្ងៃនេះ4141
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62981
  • ខែនេះ84861
  • ឆ្នាំនេះ84861
  • សរុប20527317