ភ្នំពេញ ៖ ម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងមនុស្សប្រុសស្រី២នាក់ទៀតនៅខាងក្រោយ ស្រវឹងស្រា បើកម៉ូតូខឹងជាមួយនឹងសមត្ថកិច្ចនគរបាលចរាចរណ៏ក្រុង ដែលកំពុងឈធ្វើចរាចរណ៏នៅចំណុចផ្លូវ ២១៧ ស្ពានដែកចំការដូង ក៏ចុះពីលើម៉ូតូទះកំភ្លៀងសមត្ថកិច្ច មួយកំភ្លៀង នៅចំពោះមុខប្រជាពលរដ្ឋ បង្ករឲ្យមានការភ្ញាក់ផ្អើល ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និងសូន្យនាទី ថៃ្ងទី ៨ ខែមីនា ឆ្នាំ ២០១៦ ស្ថិតនៅចំនុចស្ពានដែកចំការដូង តាមបណ្តោយផ្លូវ ២១៧ ក្នុងភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពី លោក អនុសេនីយ៏ឯក គាំ ជាវី ជាមន្ត្រីនគរបាលចរាចរណ៏ក្រុង ដែលជាជនរងគ្រោះផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុ លោក កំពុងតែបំពេញភារៈរបស់លោក ដោយបានឈធ្វើចរាចរណ៏សម្រួលការកកស្ទះជូនបងប្អូនប្រជាពលរដ្ឋ ដោយមានដំបងជ័រសញ្ញាចរាចរណ៏ សម្រាប់សម្គាល់ ខណៈពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងមនុស្សប្រុសស្រី២នាក់ទៀត នៅខាងក្រោយ បានបើកបញ្ច្រាសទិសចរាចរណ៏ដែលកំពុងតែកកស្ទះផងនោះ ក៏បណ្តាលឲ្យទាក់ជាមួយនឹងដំបង ជ័រសញ្ញាចរាចរណ៏ របស់លោក ស្របពេលដែលអ្នកទាំង ៣នាក់ស្រវឹងស្រា ផងនោះ ស្រាប់តែបុរសដែលជាអ្នកឌុប ក្នុងចំណោមអ្នកទាំង ៣នាក់ បានចុះមកទះកំភ្លៀងសមត្ថកិច្ចមួយកំភ្លៀង នៅចំពោះភ្នែកមហាជនរួមនិងភ្នែកភ្ញៀវបរទេសចំនួន ២កង់បី ដែលកំពុងជាប់ស្ទះ នៅកន្លែងកើតហេតុរួមនិងប្រជាពលរដ្ឋអ្នកធ្វើដំណើរផ្សេងទៀត ទាំងដែលនៅលើស្មារបស់លោក មានសក្កិ៣ បំពាក់នៅលើឯកសណ្ឋាន ។
មិនតែប៉ុណ្ណោះ ស្រាប់តែស្ត្រីជាប្រពន្ធរបស់ជនបង្ករ ដែលទះកំភ្លៀងមកលើសមត្ថកិច្ច មិនបាននិយាយសុំទោសសមត្ថកិច្ច នោះទេ តែបែជានិយាយកាបទៀន ប្រមាថដល់សមត្ថកិច្ច រួមទាំងនិយាយដោះសារ ទាំងកាយវិការច្រង៉ែងច្រង៉ាង ថា ប្តីរបស់ខ្លួនមិនបានទះកំភ្លៀងមកលើសមត្ថកិច្ចទៀត ទាំងដែលភ្នែកប្រជាពលរដ្ឋ ជាច្រើនបានមើលឃើញហេតុការណ៏ទាំងអស់នេះ ទើបបង្ករឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ នាំគ្នាចោមរោលមើល ។
ទន្ទឹមនឹងហេតុការណ៏នេះបានកើតឡើង អ្នកសារព័ត៌មានរបស់យើងបានចុះទៅថតយករូបភាពដើម្បីយកមកចុះផ្សាយ ស្រាប់តែស្ត្រី ដែលជាប្រពន្ធរបស់ជនបង្កដែលវាយទៅលើសមត្ថកិច្ចខាងលើ បានស្ទុះមកកញ្ឆក់ទូរសព្ទ័របស់អ្នកសារព័ត៌មាន ដោយហាមមិនឲ្យថតយករូបភាពរបស់ខ្លួនទៀតផង ។
ក្រោយពីហេតុការណ៏នេះបានកើតឡើង សមត្ថកិច្ចនគរបាលប៉ុស្ត៏រដ្ឋបាលសង្កាត់ដង្កោ បានចុះទៅអន្តរាគមន៏ដល់កន្លែងកើតហេតុ ដោយបាននាំខ្លួន មនុស្ស ទាំង ៣នាក់ខាងលើ រួមនិងសមត្ថកិច្ចនគរបាលចរាចរណ៏ក្រុង ដែលជាជនរងគ្រោះ យកមកធ្វើការសាកសួរនៅប៉ុស្ត៏រដ្ឋបាលសង្កាត់ដង្កោ ដោយភាគីខាងជនបង្ក បានដឹងពីកំហុស យល់ព្រម សងថ្លៃជំងឺចិត្ត និងសុំទោសដល់សមត្ថកិច្ចនគរបាលចរាចរណ៏ក្រុង ខាងលើ ដើម្បីបញ្ចប់រឿងតែម្តង ៕