ភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាម ដែលជាប្រពន្ធចុងបានផ្ទុះកំហឹងទៅតាមរករឿងស្ត្រីប្រពន្ធដើមដល់ផ្ទះ និងទាស់ទែងគ្នាបែកផ្សែង បន្ទាប់ពីស្ត្រីប្រពន្ធដើម បានយករូបថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី១០ មីនា ២០១៦ ហើយពួកគេទាំង៣នាក់ (ប្រពន្ធដើម ប្រពន្ធចុង និងប្តី) នាំគ្នាទៅកាន់ស្នាក់ការប៉ុស្តិ៍ទួលសង្កែ ដើម្បីសម្របសម្រួល ។
ស្ត្រីជាប្រពន្ធដើមឈ្មោះពេជ្រ ចន្ធី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម និងជាអ្នកដើរធ្វើក្រចកតាមផ្ទះ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ចំណែកប្តីឈ្មោះភឿង អាយុ៣៥ឆ្នាំ ជាជាងសំណង់ ។ រីឯស្ត្រីប្រពន្ធចុងឈ្មោះស្រីមី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
តាមព័ត៌មានឱ្យដឹងថា ការឈានដល់ទាស់ទែងគ្នានេះ គឺបន្ទាប់ពីស្ត្រីជាប្រពន្ធដើម បានបង្ហោះរូបភាពស្ត្រីជាប្រពន្ធចុង ដោយមានរូប ប្តីផងដែរបានចោទថា ប្រុសខូច មានស្ត្រីច្រើន ។
តាមព័ត៌មានឱ្យដឹងទៀតថា ស្ត្រីជាប្រពន្ធដើម បានរៀបការជាមួយបុរសជាប្តីប្រមាណ១០ឆ្នាំមកហើយ ដោយមានកូនប្រុសម្នាក់ អាយុ៩ឆ្នាំ ។ ប្រមាណ២ឆ្នាំនេះ ២នាក់ប្តី-ប្រពន្ធក៏បានលែងលះគ្នា ដែលការលែងគ្នានេះពុំមានអាជ្ញាធរដឹងឮ និងមានសាលក្រមពីតុលាការឡើយ ។ ក្រោយមក បុរសជាប្តីក៏ទៅមានស្នេហាជាមួយស្ត្រីថ្មីប្រមាណ៤ខែ ហើយរួមរស់នៅជាមួយគ្នាជាប្តី-ប្រពន្ធ។
ហើយនៅថ្ងៃទី៨ មីនា ស្ត្រីជាប្រពន្ធដើមក៏ទូរស័ព្ទទៅកូននៅប្រទេសវៀតណាមមិនចូល ក៏បានទូរស័ព្ទមកប្តី ខណៈនោះត្រូវស្ត្រីជាប្រពន្ធចុងនៅកក្បែរ បានទាញទូរស័ព្ទនិយាយថា ឈប់ទាក់ទងប្តីគាត់ ហើយក៏បានទាស់ទែងគ្នាបែកផ្សែង ។ ហើយស្ត្រីជាប្រពន្ធដើម បានយករូបថតនាងមួយសន្លឹក និងរូបថតអតីតប្តីថតជាមួយប្រពន្ធក្រោយមួយសន្លឹក ព្រមទាំងរូបថតប្តីថតជាមួយមិត្តស្រី ក្នុងកម្មវិធីមួយសន្លឹកបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយ សរសេរថា «បងភឿងមានប្រពន្ធច្រើនណាស់» ហើយត្រូវមិត្តភក្តិស្ត្រីជាប្រពន្ធចុងឈើញ មកប្រាប់ក៏ផ្ទុះកំហឹង ទៅរករឿងដល់ផ្ទះឈ្លោះគ្នាបែកផ្សែង ។
លុះនៅព្រឹកថ្ងៃទី១០ មីនា ពួកគេទាំង៣នាក់បាននាំគ្នាទៅស្នាក់ការប៉ុស្តិ៍ទួលសង្កែ ។ ដោយបុរសជាប្តី ក៏បានឯកភាពលែងលះគ្នាជាមួយប្រពន្ធដើម និងឱ្យឈប់ទាក់ទងគ្នា ដែលជាហេតុនាំឱ្យស្នេហ៍ប្រេះឆា ហើយបានធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច ៕