កូន​មេភូមិ​ម្នាក់ វាយ​សម្លាប់​មន្ត្រី​យោធា នៅ​ស្រុក​ព្រៃនប់

11-March-2016 | ដោយ មែន កំសត់


​ព្រះសីហនុ​៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ បាន​ថ្លែងប្រាប់ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​ស្រុក​ព្រៃនប់ បានធ្វើការ​ស្រាវជ្រាវ រហូត​តាម​ចាប់​ជនសង្ស័យ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ការ​វាយ​សម្លាប់​មន្ត្រី​យោធា​។ ជនសង្ស័យ​រូបនេះ គឺជា​កូនប្រុស​កូន​មេភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីនគរបាល​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​ឃាតកម្ម​គ្រោងទុកជាមុន​មួយ​បានកើត​ឡើង នៅ​ភូមិ​ជើងគោក ឃុំ​ជើងគោក ស្រុក​ព្រៃនប់ ដែលមាន​ជនរងគ្រោះ​ឈ្មោះ មិត្ត វិ​ចិត្ត អាយុ​២៦​ឆ្នាំ មុខរបរ​ជា​យោធា រស់នៅ​បច្ចុប្បន្ន​ក្រុមទី​៨ ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់​។ ជនរងគ្រោះ បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ដោយមាន​ស្លាកស្នាម​នៅលើ​កញ្ចឹងក​ផងដែរ​។ សព​ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយពី​សមត្ថកិច្ច​ជំនាញ​បានធ្វើ​កោសល្យវិច័យ​រួចមក​នោះ​។

ដោយឡែក នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច បាន​ប្រមូល​ដំបង​ជ្រុង​ប្រវែង​១៤០cm  ស្បែកជើងផ្ទាត់​ពណ៌​ក្រហម​ចំនួន​៣​គូរ និង​មួយ​ចំហៀង​ខាងស្តាំ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នា​ក់មក​ធ្វើការ​សាកសួរ ឈ្មោះ អោក គឹម​ហួរ អាយុ​២១​ឆ្នាំ មុខរបរ​មិន​ច្បាស់លាស់​ទីលំនៅ​ភូមិ​កើតហេតុ ដែល​ត្រូវជា​កូនលោក​មេភូមិ​ជើងគោ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃកើតហេតុ​នោះ មាន​រៀបចំ​ពិធី​ការកូន​អ្នកភូមិ​ហើយក៏​ឃើញ​មានការ​វាយតប់​គ្នា លុះ​យប់​ជ្រៅ​បន្តិច​ក៏​នាំគ្នា​រំសាយ​ចេញពី​រោងការ​ស្រាប់តែ​មានការ ប្រតាយប្រតប់​គ្នា ដោយ​ដៃ និង​ដំបង​ម្តងទៀត​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​ដេក​លើដី ហើយ​ត្រូវ​ក្រុម​ជនបង្ក​រត់​ចែកផ្លូវ​គ្នា​តែម្តង​។ ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន ក៏បាន​ស្រាវជ្រាវ​រហូត​តាម​ចាប់​ឃាត់ខ្លួន​ជនបង្ក​នេះ​ភ្លាមៗ​ផងដែរ​។ នៅ​រសៀល​ថ្ងៃនេះ នគរបាល​ស្រុក​ព្រៃនប់ កំពុង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចាត់ការ​តាមច្បាប់​៕

ចំនួនអ្នកទស្សនា

    20527327

  • ថ្ងៃនេះ4151
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62991
  • ខែនេះ84871
  • ឆ្នាំនេះ84871
  • សរុប20527327