មាន​ករណី​ប្លន់​២​លើក​នៅ​ខណ្ឌដូនពេញ និង​ខណ្ឌចំការមន យក​ម៉ូតូ​អស់​២​គ្រឿង

13-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​យប់មិញ​នេះ យ៉ាងហោចណាស់ មាន​ករណី​ប្លន់​ចំនួន​២​លើក​ផ្សេងគ្នា ក្នុង​ខណ្ឌ​២ គឺ​ខណ្ឌចំការមន និង​ខណ្ឌដូនពេញ យក​ម៉ូតូ​២​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព​។​
​ករណី​ទី​១៖ យុវជន​ម្នាក់​ត្រូវបាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៦​នាក់ ប្រដាប់​ដោយ​កាំភ្លើង និង​ដាវ​សា​ម៉ូ​រៃ បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ យក​ម៉ូតូ​មួយគ្រឿង​បានសម្រេច រួច​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព នៅ​ម៉ោង​១១និង១០​នាទី យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខក្រសួង​ព័ត៌មាន តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

​ជនរងគ្រោះ​មានឈ្មោះ អឹម សុភា អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ បើតាម​សម្តី​រៀបរាប់​ពី​យុវជន​រងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក Dream C125 ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1Cl-5330 ជិះ​ចេញពី​លេង​ផ្ទះ​មិត្តភក្តិ នៅ​ម្តុំ​វិមានឯករាជ្យ ហើយ​បំណង​ជិះ​ត្រឡប់ទៅផ្ទះ​វិញ នៅ​ម្តុំ​ទួល​សង្កែ តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ពេលមកដល់​ចំណុចកើតហេតុ ដែលជា​កន្លែង​ស្ងាត់ និង​ងងឹត​ផង​នោះ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​៣​គ្រឿង ប្រដាប់​ក្នុង​ដៃ​ដោយ​កាំភ្លើង និង​ដាវ​សា​ម៉ូ​រៃ បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​រូបគេ ហើយដោយ​ភិតភ័យ​ពេក​នោះ​រូបគេ ក៏បាន​ប្រគល់​ម៉ូតូ​ឱ្យ​ពួកវា ហើយ​ក្រុម​ជនសង្ស័យ ក៏​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្តង ។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​បុ​ស្តិ៍​វត្តភ្នំ តែ​សមត្ថកិច្ច​ថា ទឹកដី​ស្រះចក ក៏​ជូន​ជនរងគ្រោះ​ទៅ​ស្រះចក​វិញ ហើយ​សមត្ថកិច្ច​ស្រះចក​ថា​វត្តភ្នំ ដោយ​រុញ​ជនរងគ្រោះ​ដាក់គ្នា​ទៅមក ទើប​នាំគ្នា​ទៅ​មើល​ដល់​កន្លែងកើតហេតុ​ជាក់ស្តែង​ថា ទឹកដី​វត្តភ្នំ ហើយក៏​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​។​

​ករណី​ទី​២៖ កើតឡើង​នៅ​ម៉ោងជាង​១​រំលង​អា​ធ្រា​ត ថ្ងៃទី​១៣ ខែ​មិនា​ឆ្នាំ​២០១៦ ត្រង់ចំណុច​ខាងក្រោយ សណ្ឋាគារ Intercon ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌ​ចំកា​មន ដោយ​យុវជន​ម្នាក់​ត្រូវបាន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព យក​កាំភ្លើងខ្លី​ភ្ជង់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក Click ស៊េរី​២០១៦ ទៅ​បាត់​។  តែ​អ្វីដែល​ហួស​ចិត គឺ​លោ​កមេ​ប៉ុស្តិ៍​បាន​ព្យាយាម ដឹក​ជនរងគ្រោះ​គេចចេញ ពី​ប៉ុស្តិ៍ ដើម្បី​កុំ​ឲ្យ​អ្នកកាសែត​ថត​ផ្សាយ ពី​ករណី​ប្លន់​នៅក្នុង​ទឹកដី​របស់ខ្លួន​៕

ចំនួនអ្នកទស្សនា

    21007977

  • ថ្ងៃនេះ5091
  • ម្សិលមិញ7331
  • សប្តាហ៍នេះ15881
  • ខែនេះ88621
  • ឆ្នាំនេះ565521
  • សរុប21007977