កណ្តាល៖ ផ្សារព្រែកតាមាក់ ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល កន្លងមកធ្លាប់តែស្ងាត់ជ្រងំ គ្មានល្បែងស៊ីសងផ្សេងៗនោះ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ល្បែងកន្ទុយលេខត្រូវបានលេង យ៉ាងអនាធិបតេយ្យគ្មានការបង្ក្រាប មិនដឹងថា មានអ្វីនៅពីក្រោយ ខ្នងសម្រាប់មេឆ្នោតទាំងនោះ។
អាជីវករម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា រាល់ថ្ងៃនេះប្រជាពលរដ្ឋមួយចំនួនមិនសូវអើពើនឹង ម្ហូបអាហារទេ តែបែរជាសន្សំប្រាក់ទៅលេងកន្ទុយលេខទៅវិញ ជាហេតុធ្វើឲ្យអាជីវករមួយចំនួនធំមានការត្អូញត្អែថា លក់មិនដាច់។ គាត់បានបន្ថែមទៀតថា សព្វថ្ងៃមានមេឆ្នោតល្បីឈ្មួញម្នាក់ដែលប្រចាំការនៅផ្សារព្រែកតាមាក់ មិនដឹងថា មានអ្នកមានអំណាច ណាកាងនៅពីក្រោយខ្នងទេ ហើយមានកូនតូចៗដែលជាងអ្នកកត់កន្ទុយលេខ ដើម្បីស៊ីក្បាលកាក់ពីមេឆ្នោតម្នាក់នោះផងដែរ។ ក្នុងមួយថ្ងៃៗពួកគេបានទទួលចំណូលយ៉ាងច្រើនពីពលរដ្ឋ។
អាជីវករម្នាក់នោះបានលើកឡើងថា " មានគេលេងឆ្នោតនៅផ្សារព្រែកតាមាក់យ៉ាងច្រើន ហើយអ្នកទិញមិនសូវរវល់ នឹងការទិញ អាហារនោះទេ យកលុយទៅទិញឆ្នោតទៅវិញ.... រាល់ថ្ងៃខ្ញុំលក់មិនដាច់ទេ "។
សម្រាប់អាជីវករម្នាក់ទៀតបាននិយាយស្រដៀងនឹងអាជីវករទី១ដែរថា ប្រជាពលរដ្ឋភាគច្រើនសម្រុកយក លុយទៅលេងកន្ទុយលេខ មិនសូវខ្វល់នឹងចំណីអាហារទេ ហើយថែមទាំងមានអាជីវករមួយចំនួនតូច ក៏លេងកន្ទុយលេខផងដែរ មួយវិញទៀតមិនមានសមត្ថកិច្ច អើពើនឹងការលេងកន្ទុយលេខនេះទេ។ រូបគាត់បានធ្វើការសំណូមពរឲ្យមានការ បិតល្បែងកន្ទុយមួយនេះ នៅផ្សារព្រែកតាមាក់ នេះតែ ម្តងទៅ ដើម្បីជួយសម្រួលដល់សេដ្ឋកិច្ចផ្សារព្រែកតាមាក់ទាំងមូល។
រូបគាត់បានលើកឡើងថា " មានអ្នកទិញ និង អ្នកលក់គ្នាឯងផង នាំគ្នាទៅលេងឆ្នោតពេញផ្សារតែម្តង តែមិនមានពីណាគេអាចមក បញ្ឈប់បានសោះ ខ្ញុំសូមឲ្យប៉ូលីសខាងផ្នែកហ្នឹងជួយផង កុំឲ្យមានទៀតអី "។
អ្វីដែលជាសំណូមពរបស់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករក្នុងផ្សារព្រែកតាមាក់ គឺចង់ឲ្យសមត្ថកិច្ចដែលពាក់ព័ន្ធ ពិនិត្យជួយ អន្តរាគមន៍ ដល់ល្បែងកន្ទុយលេខ ដែលត្រូវបានលេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃនេះ។
សូមបញ្ជាក់ថា នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលនេះ មិនមែនត្រឹមតែល្បែងកន្ទុយលេខរីកសុះសាយនោះទេ សូម្បីល្បែងបៀរ អាប៉ោង ជាពិសេសថ្នាំញៀន កំពុងតែកក្រើកជាខ្លាំងដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចណាមួយចេញមុខមកបង្ក្រាបនោះទេ៕