មណ្ឌលគិរី៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចតំបន់ព្រៃការពារមណ្ឌលគិរី ចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកាលពីល្ងាចថ្ងៃទី១៣ខែមីនា ឆ្នាំ២០១៦ ម្សិលមិញតាមការ បង្គាប់របស់តុលាការខេត្តដោយបានចោទប្រកាន់ពីបទ «បរបាញ់ និងការធ្វើពាណិជ្ជកម្មសត្វដែលមានដោយកម្រ»។
លោក កែវ សុភ័ក្រ អនុប្រធានតំបន់ព្រៃការពារមណ្ឌលគិរីបានប្រាប់ កាលពី រសៀលម្សិលមិញថាជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើនេះឈ្មោះ ទោន ទិត្យ រស់នៅភូមិចុង ផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា។ ជននេះត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃសៅរ៍ខណៈគាត់កំពុងដឹក សាច់សត្វទន្សោងដែលជាប្រភេទសត្វដ៏កម្រ និងកំពុងប្រឈមការផុតពូជប្រមាណ ៨០ គីឡូក្រាម។
លោក កែវ សុភ័ក្រ បានថ្លែងថា៖ «យើងបានចាប់ខ្លួនគាត់នៅក្នុងបទល្មើសជាក់ស្ដែង។ លោកបានបញ្ជាក់ថាក្រោយការសាកសួរគាត់ត្រូវបានសមត្ថកិច្ចចោទប្រកាន់ ពីបទបរបាញ់ និងការធ្វើពាណិជ្ជកម្មសត្វមានដោយកម្រតាមមាត្រា ៩៨ នៃច្បាប់ព្រៃឈើ»។
លោកបានបន្ថែមថាក្នុងអំឡុងពេលសាកសួរជនសង្ស័យបានឆ្លើយថាសាច់ ទន្សោងទាំងអស់នោះខ្លួនទិញពីអ្នកភូមិជាមួយគ្នាម្នាក់ឈ្មោះ សយ សឿង ដែលជាអ្នកបរបាញ់សត្វព្រៃហើយថាខ្លួនបានទិញពីព្រានព្រៃខាងលើនេះ ចំនួនបីដងមកហើយ។ ជាមួយនឹងចម្លើយសារភាពនេះសមត្ថកិច្ចបានស្នើសុំដីកាពីតុលាការខេត្ត មណ្ឌលគិរីដើម្បីចុះឆែកឆេរផ្ទះព្រានព្រៃខាងលើនោះ។
ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ និងរឹបអូសបាននូវវត្ថុតាងមួយចំនួនដែលក្នុងនោះរួមមាន រណារយន្តចំនួនបីគ្រឿង អន្ទាក់ខ្សែកាប ១៨ ខ្សែ ក្បាលទន្សោងមួយ ធ្មេញដំរីមួយ ពោះឈ្លូសមួយ ក្បាលស្វា សមួយ ចង្កូមជ្រូកព្រៃបី ជើងឈ្លូសមួយ ស្នាមួយដើម គ្រាប់ស្នាប្រាំគ្រាប់ ថ្គាមសត្វជ្រូកព្រៃពីរ កាំបិតស្នៀតមានប្រឡាក់ឈាមសត្វព្រៃមួយ និងស្លាបក្ងោកចំនួនពីរបាច់ផងដែរ។
លោក សុភ័ក្រ បានបញ្ជាក់បន្ថែមថា៖ «នៅព្រឹកថ្ងៃចន្ទនេះយើងនឹងកសាងសំណុំរឿងចោទប្រកាន់ព្រានព្រៃ ឈ្មោះ សយ សឿង និងភរិយាទៅតុលាការដើម្បីស្នើសុំឲ្យចេញដីកាចាប់ខ្លួនពួកគេមក ផ្ដន្ទាទោសតាមច្បាប់»៕