អគ្គិភ័យ​ឆាបឆេះ ហាង​លក់​សំលៀកបំពាក់ យីហោ «​ឌី​យ៉ា​ម៉​ង់​» សង្កាត់​ផ្សារ​ថ្មី​ទី​៣

15-March-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ ហាង​លក់​សំលៀកបំពាក់ យីហោ «​ឌី​យ៉ា​ម៉​ង់​» ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​មួយចំនួនធំ នៅវេលា​ម៉ោង ៣​និង​៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៥ ខែមីនា​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៣៦ ភូមិ​១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។​

​បើតាម​សំដី​បុគ្គលិក​ជាច្រើនរូប ដែល​រត់ចេញ​ពីក្នុងផ្ទះ បន្ទាប់ពី​សមត្ថកិច្ច​ជួយ វាយកំទេច​សោរ​ឲ្យ​ចេញ​បាន​ប្រាប់ថា នៅមុន​កើតហេតុ គឺ​ពួកខ្លួន​ទាំងអស់គ្នា​កំពុងតែ​ដេក ក៏​ស្រាប់​តែមាន​អណ្តាតភ្លើង ផ្សែងហុយ​ពេញ​ផ្ទះ ធ្វើ​ឲ្យ​ភ្ញាក់​ដឹងខ្លួន ក៏​នាំគ្នា​រក​ផ្លូវ​រត់​ចេញមកក្រៅ តែ​មិនអាច​រត់​ចេញមកក្រៅ​បាន​នោះទេ ដោយសារ​ម្ចាស់​ហាង​បាន​ឲ្យ​បុគ្គលិក​ដេក​នៅ​ក្នុងនោះ តែ​ចាក់សោរ​ពី​ខាងក្រៅ​។ ភ្លាមនោះ​ធ្វើ​ឲ្យ​អ្នក​ដែល​ដេក​ក្នុងនោះ​ទាំងអស់ មានការ​ភិតភ័យ​ជាខ្លាំង ក៏​នាំគ្នា​ស្រែក​ឲ្យ​អ្នក​ជិត​ខា​ជួយ ព្រោះ​ពួកខ្លួន​ទាំងអស់​មិនអាច​រត់ចេញ​ក្រៅ​បានទេ ដោយសារតែ​ម្ចាស់​ហាង បាន​ចាក់សោរ​ពួកគេ​ឲ្យ​ដេក​នៅ​ក្នុងនោះ​។​

​បន្ទាប់ពី​ស្រែក​ក៏បាន​អ្នកជិតខាង ជួយ​រាយការណ៍​ទៅ​សមត្ថកិច្ច និង​ខាង​អគ្គីភ័យ​មកជួយ​ពន្លត់​។ ពេល​កម្លាំង​សមត្ថកិច្ច​មកដល់​ក៏​ឃើញ​បុគ្គលិក​ជាច្រើន​នាក់ ភិតភ័យ​ដោយសារ​អណ្តាតភ្លើង និង​ផ្សែង​ពេញ​ក្នុងផ្ទះ ភ្លាមនោះ​សមត្ថកិច្ច​ជាច្រើន​នាក់ បាន​ជួយ​វាយកំទេច​សោរ​ទ្វារផ្ទះ ដើម្បី​ជួយសង្គ្រោះ​អាយុ​ជិវិត​បុគ្គលិក​ទាំងអស់នោះ ឲ្យ​រត់​ចេញមកក្រៅ​ទាំង​ព្រលឹងចុងសក់​។​

​អគ្គីភ័យ​នេះ​ត្រូវបាន​ក្រុម​ពន្លត់ របស់​ស្នងការដ្ឋាន​ក្រុងភ្នំពេញ​ជួយ បាញ់​ពន្លត់​អស់​ទឹកជា​ច្រើន​ឡាន ទើប​រលត់​ហើយ​បណ្តាល​ឲ្យ​សម្ភារ​ជាច្រើន រង​ការខូចខាត​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20528477

  • ថ្ងៃនេះ5301
  • ម្សិលមិញ15681
  • សប្តាហ៍នេះ64141
  • ខែនេះ86021
  • ឆ្នាំនេះ86021
  • សរុប20528477