ពោធិ៍សាត់៖ កម្លាំងនគរបាលរបស់នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ សហការជាមួយនគរបាល ជំនាញខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្ត នៅរាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបផ្ទះបនមួយកន្លែង ស្ថិតនៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ក្រោយពីបានលួចបើក បម្រើសេវាផ្លូវភេទ ជាយូរណាស់មកហើយនោះ។
លោកឧត្តមសេនីយ៍ លី ឡាយ អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលកំពុងដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងបនមួយកន្លែងនេះ បានថ្លែងប្រាប់ឲ្យដឹង ថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនស្ត្រីម្ចាស់ ទីតាំងម្នាក់មានឈ្មោះ គឹម ដានី ហៅ ប៉ អាយុ៤៥ឆ្នាំ និងបានជួយរំដោះនារី បម្រើសេវាផ្លូវភេទចំនួន៦នាក់។
លោកឧត្តមសេនីយ៍ លី ឡាយ បានបញ្ជាក់ថា សម្រាប់ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត ដើម្បីចាត់ការតាមនីតិវិធី៕