សុរា​ចូលខ្លួន ខឹង​ប្រពន្ធ​លួច​មាន​ប្រុស ទៅ​ចាប់​កូនប្រុស​អាយុ​២​ខែ​បោក​សម្លាប់

16-March-2016 | ដោយ មែន កំសត់


​ត្បូងឃ្មុំ​៖   ពិតជា​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លោចផ្សា និង​អាសូរ​យ៉ាងខ្លាំង ចំពោះ​ក្មេងប្រុស​អាយុ​ទើបតែ​២​ខែ ស្រាប់តែ​ត្រូវ​ឪពុក​បង្កើត​របស់ខ្លួន ចាប់​បោក​នឹង​ដី​សម្លាប់ចោល គ្មាន​ធម៌​មេត្តា​ជា​មនុ​ស្សណា​សោះឡើយ ខណៈដែល​កូនប្រុស​របស់ខ្លួន​កំពុងតែ ដេក​លង់លក់​នៅក្នុង​អង្រឹង​។​

​មូលហេតុ​ដែល​នាំ​ឲ្យ​ឪពុក​រូបនេះ ប្រព្រឹត្ត​នូវ​ទង្វើ​ដ៏​លាមក​បែបនេះ ក៏​ព្រោះតែ​ស្រវឹងស្រា ហើយ​ចោទប្រកាន់​ទៅ​ស្ត្រី​ជា​ប្រពន្ធ​ថា លួច​មាន​សហាយស្មន់​ទៀតផង​។​
​អំពើ​ឃាតកម្ម​ដែល​គេ​កម្រ​នឹង​បាន​ជួប​នេះ បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ឈើខ្លឹម ឃុំ​រំចេក ស្រុក​មេមត់​។​

​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ពៅ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ អោក ចាន់ណា អាយុ​២០​ឆ្នាំ បាន​ចាប់​លើក​កូនប្រុស​បង្កើត​រប​ស់​ខ្លួន ឈ្មោះ រុំ ចាន់នី​ត អាយុ​០២​ខែ​ពី​អង្រឹង បោក​ទៅ​ដី​បណ្តាល​ឲ្យ​ស្លាប់ នៅ​កន្លែងកើតហេតុ​។​

​លោកស្នងការ​បានបញ្ជាក់​ថា «​មូលហេតុ​ស្រវឹងស្រា ចោទ​លើ​ប្រពន្ធ​ខ្លួន ឈ្មោះ ចាន់ ណា​រី ភេទ​ស្រី​អាយុ​១៨​ឆ្នាំ ផិតក្បត់​មាន​សា​ហាយ​ដោយ​ថា កូន​នេះ​មិនមែនជា​កូន​របស់ខ្លួន​»​។​
​ករណីនេះ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​រំចេក បានទទួល​ព័ត៌មាន​ភ្លាម ចុះបង្ក្រាប​ចាប់បាន​ជនសង្ស័យ​មក​ប៉ុស្តិ៍ ដើម្បី​សាកសួរ ហើយ​រៀប​បញ្ជូន​ខ្លួន​មុខសញ្ញា​ជនសង្ស័យ​មក អធិការដ្ឋាន​ស្រុក​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    20528357

  • ថ្ងៃនេះ5181
  • ម្សិលមិញ15681
  • សប្តាហ៍នេះ64021
  • ខែនេះ85901
  • ឆ្នាំនេះ85901
  • សរុប20528357