ភ្នំពេញ ៖ សាកសពបុរសជនជាតិវៀតណាមម្នាក់ ត្រូវគេប្រទះឃើញអណ្តែតមកទើរនឹងកំប្លោក ក្នុងទឹកទន្លេក្បែរកោះពេជ្រ ដែលមានសភាពហើម និងមានក្លិនស្អុយអសោចទៅហើយ ដែលហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី១៥ មីនា ២០១៦ ស្ថិតនៅមាត់ទន្លេខាងក្រោយរោងសេះកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពពីមន្ត្រីនគរបាលម្នាក់ឱ្យដឹងថា ជនរងគ្រោះឈ្មោះចង់ អាន់ហោ អាយុ២៣ឆ្នាំ ជនជាតិវៀណាម និងជាជាងកាត់សក់ ស្នាក់នៅផ្ទះលេខ៣៥Eo ផ្លូវលេខ១៣៤ (ខាងក្រោយសណ្ឋាគារថ្មដា) ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។ ជនរងគ្រោះត្រូវគេដឹងថា ខឹងម្តាយស្តីន្ទោសបានរត់ចេញពីផ្ទះបាត់រយៈ៣ថ្ងៃមកហើយ ។
មុនពេលភ្ញាក់ផ្អើល គឺមានយុវជនម្នាក់បានមកអង្គុយកម្សាន្តនៅលើច្រាំងទន្លេក្នុងកោះពេជ្រ ត្រង់ចំណុចខាងលើ ក៏ប្រទះឃើញវត្ថុម្យ៉ាងអណ្តែតទឹកមកទើរនឹងកំប្លោកដែលនៅមិនឆ្ងាយពីខ្លួន ។ ដោយមានការសង្ស័យ ក៏បានស្រែកហៅគេឯងឱ្យមកជួយពិនិត្យ មើលនោះ ។
ប្រភពបន្តទៀតថា ភ្លាមនោះ ក៏មានមនុស្សម្នាជាច្រើននាក់មកជួយមើលទើបដឹងថា ជាសាកសពរបស់មនុស្សប្រុស ហើយក៏មានការភ្ញាក់ផ្អើល និងរាយការណ៍ជូនសម្ថកិច្ចមូលដ្ឋានឱ្យចុះមកមើល ។ ខណៈនោះ ក្រុមគ្រួសារដែលបាត់សមាជិករបស់ខ្លួន ក៏បានមកដល់កន្លែងកើតហេតុ និងអះអាងថា បុរសរងគ្រោះខាងលើ គឺបានបាត់ពីផ្ទះតាំងពីថ្ងៃទី១៣ មីនា មកម្ល៉េះ ។
ដោយសារតែរូបគេ បានតូចចិត្តនឹងម្តាយរបស់ខ្លួន ធ្វើការស្តីបន្ទោសទៅលើរូបគេចេញពីផ្ទះទៅលោតទឹកធ្វើអត្តឃាតនៅលើស្ពានព្រះមុនីវង្សចាស់ កាលពីព្រឹកនោះមកម្ល៉េះ ទើបតែរសៀលថ្ងៃទី១៥ មីនា នេះ ទើបប្រទះឃើញសាកសពតែម្តង៕