ស្ត្រី​ម្នាក់​បោកប្រាស់​ប្រាក់​ដុល្លា​ពិត ជាង​មួយ​ម៉ឺន​ដុល្លា យកលុយ​សែន​ចិន ៥០​ម៉ឺន​ដុល្លា​ប្រគល់​សង ជនរងគ្រោះ​

17-March-2016 | ដោយ មែន កំសត់


 
​កណ្ដាល ៖ ស្ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល ស្រុក​ស្អាង​ឃាត់ខ្លួន​ជាមួយនឹង​ប្រាក់​ដុល្លរ​ក្លែងក្លាយ​(​លុយ​សែន​ចិន​) ប្រភេទ​ក្រដាស់ប្រាក់ ១០០​ដុល្លារ មួយ​កេស មាន​ទម្ងន់​ជាង ២​គីឡូក្រាម ដែលមាន​ចំនួន​៥០​ម៉ឺន​ដុល្លា​។
​ការឃាត់ខ្លួន​ស្ត្រី​រូបនេះ សមត្ថកិច្ច​ធ្វើឡើង​កាលពី​រសៀល ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ក្រោយពេល​ជនរងគ្រោះ​ចាញ់បោក​ជនសង្ស័យ ហើយ​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យជួយ​ពិនិត្យ​លុយ​ក្លែងក្លាយ ដែល​ស្ត្រី​នោះ ប្រគល់​ឱ្យនៅ​ចំណុច​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល​។​

 លោក សេង សុជាតិ អធិការនគរបាល ស្រុក​ស្អាង​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ស៊ុន ណា​រី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ស្នោរ ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ​។ រីឯ​ជនរងគ្រោះ​មានឈ្មោះ ទូច ផាន់ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ជាង​ជួសជុល​ទូរទស្សន៍ មាន​ទីលំនៅ​ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល​។

​លោក​អធិការ ស្រុក​ស្អាង បានឱ្យដឹង​បន្ថែមថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ស៊ុន ណា​រី សមត្ថកិច្ច​ដកហូត​បា​ន​កេស​ឡាំង​ដែក​ស័​ង្កី​ចំនួន​១ ដែល​គេ​ប្រើប្រាស់​ដាក់​ប្រាក់​ដុល្លារ​ក្លែងក្លាយ (​លុយ​សែន​ចិន​)​មាន​ទម្ងន់​២,៨​គីឡូក្រាម ក្នុងនោះ មាន​លុយ​ក្លែងក្លាយ​ប្រភេទ​ក្រដាស់​មួយរយ​ដុល្លារ​ចំនួន ៥.០០០​សន្លឹក ស្មើនឹង ៥០​ម៉ឺន​ដុល្លា​។​

​តាម​របាយការណ៍​នគ​របាល​ស្រុក​ស្អាង បានឱ្យដឹងថា នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​វេលា​ម៉ោងជាង​៨​ព្រឹក ជនរងគ្រោះ ទូច ផាន់ បានមក​ប្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​កោះ​ខែល ឱ្យជួយ​ត្រួតពិនិត្យ​ប្រាក់​ដុល្លា ដែល​ឈ្មោះ ស៊ុន ណា​រី យកមក​ប្រគល់ឱ្យ​ខ្លួន មួយ​កេះ មាន​ចំនួន​៥០​ម៉ឺន​ដុល្លា ប៉ុន្តែ​ជនសង្ស័យ​ស៊ុន ណា​រី បាន​ប្រាប់​ឱ្យ​ជនរងគ្រោះ​ទូច​ផាន់ ប្រគល់ឱ្យ​ខ្លួន​ចំនួន ២០០០​ដុល្លា (​លុយ​សុទ្ធ​) ទើប​គេ​ព្រមឱ្យ​កេះ​សលុយ​ដែលមាន​ចំនួន ៥០​ម៉ឺន​ដុល្លារ​នេះ ដោយ​ប្រាប់ថា រកស៊ី​ជាមួយគ្នា និង​ទុក​ចែកគ្នា​ស្មើ​ក្រោយពេល​ជនរងគ្រោះ ពិនិត្យ​លុយ​ក្នុង​កេះ​នេះ​រួចរាល់​៕

​របាយការណ៍​នគរបាលប៉ុស្តិ៍​បន្ថែមថា ចំពោះ​ជនសង្ស័យ​ឈ្មោះ ស៊ុន ណា​រី នេះ​កន្លងមក ធ្លាប់​បោក​លុយ​ជនរងគ្រោះ ​ទូច ​ផាន់ ​សរុប​ចំនួន ១០.៥០០​ដុល្លាររួចមកហើយ​។ លុះដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ទើប​ជនសង្ស័យ​ណាត់​យកលុយ​ចំណេញ​មកឱ្យ​ជនរងគ្រោះ ដោយ​ដាក់​ក្នុង​ឡាំង​ស័ង្កសី​ចាក់សោ​ជិត យកទៅ​ប្រគល់​ឱ្យនៅ​ចំណុច​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង​។​

 ប៉ូលិស​បានឱ្យដឹង​បន្តថា បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ស៊ុន ណា​រី ថា​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោងជាង​៩​ព្រឹក រូបគេ​បានទទួល​កេះ​ដាក់​លុយ​ពី​ឈ្មោះ​ផល ភេទ​ប្រុស​អាយុ​ប្រហែល​៤០​ឆ្នាំ បាន​ទូរស័ព្ទ​ឱ្យ​ខ្លួន​យកលុយ​ក្នុង​កេះ​នោះ (​លុយ​ក្លែងក្លាយ​) នៅមុខ​ធនារ​គា ANZ ក្រុង​តាខ្មៅ ហើយ​បាន​ប្រាប់​ខ្លួន​ថា យកទៅឱ្យ​ជនរងគ្រោះ ទូច ផាន់ និង​ឈ្មោះ​មឿ​ន ប៉ុន្តែ​ត្រូវ​យកលុយ​ពី​ជនរងគ្រោះ​(​ឈ្មោះ ផាន់ និង​មឿ​ន ) ចំនួន​៤.០០០​ដុល្លារ ទើប​ឱ្យ​កេះ​លុយ (​ក្លែងក្លាយ​) នោះ​ទៅ​។
 

ជនសង្ស័យ ស៊ុន ណា​រី បាន​សារភាព​ប្រាប់​​បន្ថែមថា៖ ក្រោយពេល​ទទួល​កេះ​លុយ (​ក្លែងក្លាយ​) ពី​ឈ្មោះ ផល នៅមុខ​ធនាគារ ANZ ក្រុង​តាខ្មៅ ខ្លួនគេ​ក៏បាន​ជួល​រថយន្ត​ជិះ​យកលុយ​មក​កន្លែង​ណាត់ជួប​នៅ​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ហើយ​បាន​ប្រាប់​ឈ្មោះ ផាន់ និង​ឈ្មោះ មឿ​ន ថា លុយ​ក្នុង​កេស​នោះ ជា​លុយ​ចំណេញ​ពេលដែល​រកស៊ី​ជាមួយគ្នា​កន្លងមក​។​

 លោក​សេង សុជាតិ អធិការ​​ស្រុក​ស្អាង បញ្ជាក់​ឱ្យដឹង​ដែរ​ថា ក្រោយ​ប្រទះឃើញ​ស្ត្រី​ជា​ជនសង្ស័យ ស៊ុន ណា​រី សមត្ថកិច្ច​ប៉ូលិស ក៏បាន​សុំ​គោលការណ៍​ទៅ​ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី ធ្វើការ​ឃាត់ខ្លួន​ជាមួយនឹង​ប្រាក់​ដុល្លារ​ក្លែងក្លាយ ជា​ក្រដាស់ប្រាក​១០០​ដុល្លា (​លុយ​សែន​ចិន​) មួយ​កេស មាន​ចំនួន ៥០​ម៉ឺន​ដុល្លារ។ រីឯ​ឈ្មោះ ផល ជា​អ្នកផ្តល់​កេះ​លុយ​ឱ្យ​ស្ត្រី​ស៊ុន​ណា​រី​នៅមុខ​ធនាគារ ANZ ក្រុង​តាខ្មៅ សមត្ថកិច្ច​កំពុង​ស្វែងរក​ឃាត់ខ្លួន​ដើម្បី​យកមក​សួរចម្លើយ និង​ស្រាវជ្រាវ​រក​ប្រភព​ឆរ​បោក​ករណីនេះ ឱ្យ​កាន់តែច្បាស់​បន្ថែមទៀត​៕


ចំនួនអ្នកទស្សនា

    20527967

  • ថ្ងៃនេះ4791
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63631
  • ខែនេះ85511
  • ឆ្នាំនេះ85511
  • សរុប20527967