ពោធិ៍សាត់៖ កុមារីអាយុ៣ឆ្នាំម្នាក់ ត្រូវបានសត្វគោមួយហ្វូង បោលដេញគ្នាជាន់ស្លាប់ ខណៈកំពុងដេកលង់លក់ នៅក្នុងអង្រឹង បើទោះបីឪពុកម្ដាយបញ្ជូនទៅមន្ទីរពេទ្យក៏ដោយ។
ហេតុការណ៍ដ៏កម្រ សត្វគោជាន់ក្មេងស្លាប់ខាងលើ បានកើតឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងខេត្តពោធិ៍សាត់ ខាងក្រោយពេទ្យយាស៊ូ។
លោកអនុសេនីយ៍ឯក សំ ថា មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងពោធិ៍សាត់ ប្រាប់ឲ្យដឹង ថា៖ កុមារីរងគ្រោះមានឈ្មោះ សុខ ស្រីនិច អាយុ ៣ឆ្នាំ មានឪពុកឈ្មោះ ហែម សុខ អាយុ២៨ឆ្នាំ និង ម្ដាយឈ្មោះ រ៉ន គន្ធា អាយុ២៦ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។
លោកមេបញ្ជាការបន្តថា តាមការរៀបរាប់អួលដើមករពីឪពុកម្ដាយកុមារីរងគ្រោះថា កូនស្រីពួកគាត់កំពុងដេកលង់លក់ ក្នុងអង្រឹងក្រោមសំយ៉ាបផ្ទះផ្នែកខាងមុខ គ្រានោះស្រាបតែមានសត្វគោចំនួន ៦ទៅ៧ក្បាល បោលដេញគ្នាមកប៉ះអង្រឹង បណ្ដាលឲ្យកូនស្រីគាត់ធ្លាក់មកក្រោម ក៏ជាន់ចំខ្លួន និងក្បាលរងបូសយ៉ាងធ្ងន់ធ្ងរ ភ្លាមៗនោះពួកគាត់ បានបញ្ជូនកូនមកមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យបានជួយចាត់ចែងបញ្ជូនបន្ត ទៅរាជធានីភ្នំពេញ តែជាអកុសល់ក៏បានដាច់ខ្យល់ស្លាប់ នៅតាមផ្លូវគួរឲ្យសង្វេគ។
ពួកគាត់បន្តប្រាប់ទៀតថា ដោយរវល់វីវក់ និង កូនស្រីមិនបានគិតដល់ហ្វូងសត្វគោនោះឡើយ ថាគោសត្វអ្នកណានោះទេ ដូច្នេះពួកគាត់សំណូមពរឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវរកឲ្យផង។
ដំណឹងនេះបានទៅដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចាត់ឲ្យលោក កើត ឆែ ដែលជាប្រធានក្រុមការងារចុះជួយសង្កាត់រលាប ផ្តល់នូវថវិកា ១០ម៉ឺនរៀល និងអង្ករ ៥០គីឡូក្រាម សម្រាប់ចាត់ចែងធ្វើបុណ្យ ទៅតាមប្រពៃណី៕
ដោយ៖ សីហា