កណ្តាល ៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ទៅលេងទឹកបឹងខាងក្រោយផ្ទះ ខណៈជីតា និងឪពុកម្តាយមិនដឹងបណ្តាលឲ្យលង់ស្លាប់គួរឲ្យសង្វែក។ ហេតុការណ៍ក្មេងស្រីលង់ទឹកស្លាប់នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១២ថ្ងៃត្រង់ នៅចំណុចបឹងរមាស ស្ថិតក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្មេងស្រីរងគ្រោះឈ្មោះ ឆន សុភា អាយុ៨ឆ្នាំ រស់នៅក្នុងបន្ទុកមានឪពុកឈ្មោះ ស្តើង ឆន និងម្តាយឈ្មោះសោម សំអាត មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានទៅងូតទឹកលេងនៅចំណុចបឹង រមាសខាងក្រោយផ្ទះ ដោយជីតានិងឪពុកម្តាយមិនបានដឹង លុះដល់វេលាម៉ោងខាងលើស្រាប់តែមានក្មេងតូចម្នាក់រត់មកប្រាប់ជីតា (ក្មេងស្រីរងគ្រោះ) ឈ្មោះ សំ ស៊ុយ អាយុ៥០ឆ្នាំថា ចៅលង់ទឹក។ គ្រាន់តែឮក្មេងនោះមកប្រាប់ភ្លាមលោកតា សំ ស៊ុយ ក៏រត់ទៅជួយចៅ ប៉ុន្តែជាអកុសលនៅពេលរត់ទៅដល់ចុះស្រង់ចៅឡើងលើគោគមកធ្វើចលនា តែចៅឆ្លក់ទឹកស្លាប់បាត់ទៅយកមកផ្ទះ។
ក្រោយពីទទួលបានព័ត៌មានថា មានករណីក្មេងលង់ទឹកស្លាប់ភ្លាមលោក ប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាឲ្យមន្ត្រីនគរបាលជំនាញចុះទៅសហការជាមួយនគរបាលប៉ុស្ដិ៍ គ្រូពេទ្យ អាជ្ញាធរភូមិ ឃុំបង្កើតគណៈកម្មការធ្វើកោសល្យវិច្ឆ័យពិនិត្យសពយ៉ាង យកចិត្តទុកដាក់។ បន្ទាប់ពីពិនិត្យរួចបានបញ្ជាក់ថាក្មេងស្រីរងគ្រោះពិតជាស្លាប់ ក្នុងករណីលង់ទឹកប្រាកដមែន មិនមានស្នាកស្នាមពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ ហើយក្រុមគ្រួសារបានទទួលស្គាល់ និងឯកភាព សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួរសាររៀបចំ ធ្វើបុណ្យតាមប្រពៃណី៕