ភ្នំពេញ ៖ ទីតាំងលេងល្បែងមួយកន្លែងដែល សមត្ថកិច្ចយើងធ្លាប់ចាប់ហើយបែរជាដំណើរការបើកឡើងវិញជាថ្មីម្តងទៀតក្រោយពីបានធ្វើការស៊ើបអង្កេតមួយរយៈកន្លងមក។ មន្ត្រីនគរបាលនៃអធិការខណ្ឌឬស្សីកែវបានធ្វើការចុះម្តងទៀតដោយឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន០៣នាក់ ដោយក្នុងនោះមានម្នាក់ជា មេការមើលខុសត្រូវខាងល្បែង និង០២នាក់ទៀតជា មុខសញ្ញាសេពថ្នាំញៀន (ហៅម៉ាទឹកកក) ដែលស្ថិត នៅក្នុងទីតាំងចាស់ជាតំបន់លើផ្ទៃទឹកស្ថិតក្នុងក្រុម៤សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ការចុះធ្វើការបង្ក្រាបនេះដឹកនាំកម្លាំងដោយលោក ម៉ៅ ចាន់ថុន នាយរងផ្នែកព្រហ្មទណ្ឌនៃអធិការ ដ្ឋាននគរបាលខណ្ឌឬស្សីកែវ កាលពីរសៀលម៉ោង១៦:០០នាទីនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ដែលក្នុងនោះសមត្ថកិច្ចបានដកហូតបានទូរហ្គេមបាញ់ត្រីធំចំនួន១រួមនឹងឧបករណ៍ប្រើប្រាស់មួយចំនួន។ លោកនាយផ្នែកព្រហ្មទណ្ឌ ម៉ៅ ចាន់ថុន បានបន្ត អោយដឹងដែរថា ទីតាំងនេះក្រុមលោកធ្លាប់ធ្វើការចុះបំផ្លាញម្តងហើយតែទីតាំងនេះល្បែងឬគ្រឿងញៀននោះទេ អធិការខណ្ឌឬស្សីកែវបានដាក់បញ្ជាអោយបន្តការតាមដានទៅលើទីតាំងចាស់ៗទាំងនោះដដែល បើអោយតែហ៊ានបើកត្រូវចាប់អោយអស់។ ជាក់ស្តែងនៅក្នុងថ្ងៃនេះដែរក្រោយពីបានដឹងថាទីតាំងខាងលើបើកភ្លាមសមត្ថកិច្ចបានចុះបង្ក្រាបតែម្តងមិនគិតទុកចិញ្ចឹមក្រពះនោះឡើយ។
លោកបន្តថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមាន÷-ទី១ឈ្មោះ ហែម ធីតា ភេទស្រី អាយុ២៥ឆ្នាំ មានមុខរបរជាអ្នកមើលការខុសត្រូវទូរហ្គេមបាញ់ត្រី ស្នាក់នៅ មុខពេទ្យលោកសង្ឃក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
-ទី២ឈ្មោះ ដៃ ដុង អាយុ២៦ឆ្នាំ មានមុខរបរមិន ពិតប្រាកដស្នាក់នៅ ចំណុចកើតហេតុខាងលើ
-ទី៣ឈ្មោះ សៀវ ពៅ ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាកម្មករសំណង់ មានទីលំនៅ ស្រុក ពញ្ញាឮ ខេត្តកណ្ដាល។
ក្រោយប្រតិបត្តិការណ៏រួចជនដែលពាក់ព័ន្ធនិងករណីខាងលើត្រូវបានបញ្ជូនខ្លួន ទៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំ រឿង អនុវត្តន៍ចាត់ការតាមនីតិវិធី៕