ភ្នំពេញ ៖ ជុំវិញករណី ខាងស្រីសុំបែក ខាងប្រុសមិនព្រមស្ទុះអោបនាងផ្អើលអ្នកដំណើរតាមផ្លូវ បើតាមនារីរូបស្រស់បានរៀបរាប់ថា រូបនាងត្រូវតែបែកពីយុវជននោះហើយ មិនអាចរស់នៅជាមួយគ្នាកើតទៀតទេ ។ ហើយមូលហេតុ ខ្លួនគ្រាន់ត្រឹមជាសង្សារនឹងគ្នាតែប៉ុណ្ណោះ គ្មានអ្វីពាក់ព័ន្ធនឹងរឿងរ៉ាវប្តី-ប្រពន្ធពីមុនមកដែរ ដូច្នេះ សូមកុំចេះតែមករំខានដល់នាង ។
ដោយឡែក ភាគីខាងយុវជនវិញបានទទូចសំពះអង្វរនារីរូបស្រស់នោះថា កុំឱ្យបែកពីខ្លួន ដោយព្យាយាមតាមអង្វរនិយាយស្តីលួងលោមនារីរូបស្រស់នោះ ដើម្បីបានរួមរស់ជួបជុំគ្នាក្នុងលក្ខណៈជាប្តី-ប្រពន្ធ ។ ជុំវិញរឿងរ៉ាវខាងលើនេះ វាជារឿងមួយគួរឱ្យអាណិតអាសូរដល់ភាគីខាងបុរស ព្រោះបានស្រែកទ្រហោយំ សម្តែងការនឹកស្រណោះអាលោះអាល័យ ចំពោះនារីដែលខ្លួនស្រលាញ់ ហើយបែរជានាងព្យាយាមជិះតាក់ស៊ីរត់គេចពីក្រសែភ្នែកខ្លួនទាំងមិនអស់ចិត្ត ។
គួរបញ្ជាក់ថា ពាក់ព័ន្ធរឿងស្នេហាបែកបាក់នេះ បានបង្កការភ្ញាក់ផ្អើលនៅចំណុចផ្លូវជាតិលេខ២ កែងផ្លូវ៦០ម៉ែត្រ ទល់មុខវត្តចាក់អង្រែក្រោម ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០១៦ ដោយសារតែយុវជនម្នាក់ បានជិះម៉ូតូឌុបតាមកាក់រថយន្តឈ្នួលដែលនារីជាអតីតសង្សារបែកចិត្ត ព្យាយាមរត់គេចពីមុខ គូសង្សារ ។
នៅកន្លែងកើតហេតុគូស្នេហ៍ មួយគូខាងលើនោះ មិនបានបញ្ជាក់ពីអត្តសញ្ញាណឱ្យដឹងឡើយ ហើយពួកគេ បាននាំគ្នាឡើងជិះរថយន្តតាក់ស៊ីរួមជាមួយគ្នា ចេញពីកន្លែងកើតហេតុភ្លាមៗ ដោយសារមានការខ្មាស់អៀននូវរឿងអាស្រូវរបស់ខ្លួន ។
ទោះជាយ៉ាងណា ក៏ដោយ ប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា ដំបូងឡើយនារីរូបស្រស់វ័យក្មេងខាងលើនេះ បានចុះពីលើរថយន្តឈ្នួលហើយចោទ យុវជនម្នាក់ដែលពាក់មួកសុវត្ថិភាពថា ហេតុអ្វីបានជាតាមឃាត់រថយន្តឈ្នួលដែលដឹកគាត់ឆ្ពោះទៅគោលដៅណាមួយ នោះ ។
ជាការឆ្លើយតបនៅពេលជាមួយគ្នានោះដែរ យុវជនដែលឃាត់រថយន្តឈ្នួលនោះបានរៀបរាប់ថា «ខ្លួនជាប្តី-ប្រពន្ធជាមួយនារីរូបស្រស់» ។ ដោយឡែកមូលហេតុគឺ នារីរូបស្រស់បានបដិសេធថា មិនមែនជារឿងប្តី-ប្រពន្ធទេ គ្រាន់តែធ្លាប់ជាសង្សារនឹងគ្នាតែប៉ុណ្ណោះ ៕
ដោយ៖ លោក សីហា