ភ្នំពេញ ៖ បើតាមសាក្សី បានឲ្យដឹងជំហានដំបូងមកថា បុរសម្នាក់បានលោតទម្លាក់ខ្លួនពីលើដើមត្នោតប៉ងសម្លាប់ខ្លួន តែមិនបានសម្រេចព្រោះធ្លាក់លើព្រៃល្ពាក់គ្រាន់តែសន្លប់ និងត្រូវបានក្រុមគ្រួសារនិងសមត្ថកិច្ចបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី២០ មីនា ២០១៦ នៅផ្លូវបេតុង ក្បែរវត្តភ្នៀតសម្ពលី ស្ថិតក្នុងភូមិអង្គរជ័យ សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ ។សេចក្តីរាយការណ៍បានបន្តថា បុរសខាងលើឈ្មោះ យីម និត អាយុ២៦ឆ្នាំ ជាសន្តិសុខ ស្រុកកំណើតនៅក្នុងភូមិខ្សាច់ពោន ឃុំវាលពន់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
មុនពេលកើតហេតុ បុរសដែលធ្លាប់មានជំងឺសរសៃប្រសាទហើយប៉ងសម្លាប់ខ្លួនមិនបានសម្រេចនោះ បានជិះកង់ចេញពីមន្ទីរពេទ្យព្រះសង្ឃទំនងមកពីបើកថ្នាំ ហើយនិយាយថាអត់មានអ្នកស្រឡាញ់និងបានរត់ចូលរថយន្តប៉ងសម្លាប់ខ្លួន ជាច្រើនដងតែមិនបានសម្រេច ។
លុះជិះមកដល់ចំណុចកើតហេតុ ក៍បានទុកកង់ចោល ហើយឡើងដើមត្នោតបានប្រវែងប្រមាណ៣ម៉ែត្រ ក៍លោតទម្លាក់ខ្លួនមកដីប៉ងសម្លាប់ខ្លួន តែមិនបានសម្រេចទៀត គ្រាន់តែសន្លប់និងរបួស ហើយត្រូវបានក្រុមគ្រួសារនិងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕