ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ ដែលជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ខណៈដែលម្ចាស់ទូរស័ព្ទជិះម៉ូតូធ្វើដំណើរឆ្ពោះទៅផ្ទះ និងបានហូតយកទូរស័ព្ទពីក្នុងហោប៉ៅមកចុច ស្រាប់តែជនសង្ស័យជិះម៉ូតូតូតាមពីក្រោយមកឆក់បានសម្រេច និងបត់ម៉ូតូត្រឡប់ក្រោយត្រូវបានម្ចាស់ទូរស័ព្ទបត់ម៉ូតូដេញ តាម រហូតចាប់ខ្លួនបានកាលពីវេលាម៉ោង៦និង២០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខវត្តទួលសុភាឃួន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ទឹម ពិសី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២៤១ ផ្លូវលំ ក្រុម៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិះម៉ូតូធ្វើសកម្មភាពម៉ាកស្មាស់វី ស៊េរី២០១៤ ពណ៌ខ្មៅ មួយគ្រឿង ។ ចំណែកម្ចាស់ទូរស័ព្ទឈ្មោះ សាន់ ណារិន ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ មានទីលំនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ម្ចាស់ទូរស័ព្ទ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់និងមិត្តភ័ក្តិរួមការងារជិះម៉ូូឌុបគ្នា មកពីមើលទិញរថយន្តនៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ វិញ ធ្វើដំណើរទៅផ្ទះកាត់តាមផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត លុះជិះដល់ចំណុចខាងកើតហេតុ បានទាញទូរស័ព្ទពីហោប៉ៅចុច ស្រាប់តែជនសង្ស័យជិះម៉ូតូតែម្នាក់ឯងតាមមកពីក្រោយ ទិសដៅស្របគ្នា មកដល់ទន្ទឹមក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទបានសម្រេច រួចបត់ម៉ូតូត្រឡប់ក្រោយភ្លាមៗ គាត់ក៏បត់ម៉ូតូត្រឡប់ក្រោយដេញតាមរហូតដល់ផ្លូវទំនប់កប់ស្រូវ ដោយជិះដេញតាមបណ្តើរនិងស្រែកបណ្តើរថា«ចោរៗ»បណ្តើរ ត្រូវបានកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលសំរោងក្រោម ឃើញជួយដេញរហូតដល់មុខវត្តត្រពាំងឈូក ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក៏ស្ទាក់ចាប់ជនសង្ស័យ រួចនាំមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅសាកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ។
ដោយឡែកទូរស័ព្ទម៉ាក(HUAWEI) ពណ៌ទឹកមាស ដែលជនសង្ស័យឆក់បានសម្រេចនោះ ក្រោយពីនគរបាលទទួលបណ្តឹងរួចក៏ប្រគល់ជូនម្ចាស់ដើមវិញ ៕