ស្ទឹងត្រែង ៖ បុរសម្នាក់រងរលាកពេញខ្លួនដោយសារ ស្ត្រីជាប្រពន្ធយកទឹកក្តៅ កំពុងដាំពុះក្នុងឆ្នាំង ទៅចាក់ស្រោចពីលើពេលប្តីកំពុងដេកយោលអង្រឹង។ ហេតុការណ៍នោះ បានកើតឡើងនៅតំបន់ដាច់ស្រយាលមួយ ស្ថិតក្នុងភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦។
សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង បាននិយាយឲ្យដឹងថា ជនរងគ្រោះឈ្មោះ សោម សិទ្ធិ អាយុ៣៣ឆ្នាំ។ រីឯប្រពន្ធឈ្មោះ ស្រីមុំ អាយុ៣២ឆ្នាំ។ រឿងហេតុពីដំបូងកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ប្រពន្ធបានប្រើប្តី ឱ្យទៅមើលដីចម្ការ។ ក្រោយពីបាត់ដំណឹងប្តី អស់ជាងកន្លះថ្ងៃ មិនឃើញវិលត្រឡប់មកផ្ទះវិញប្រពន្ធឆ្ងល់ក៏ទូរស័ព្ទ តែមិនអាចទាក់ទងបាន។ មិនអស់ចិត្តនៅរសៀលថ្ងៃដដែលនោះ ប្រពន្ធឈ្មោះ ស្រីមុំ បានទូរស័ព្ទទៅកាន់ឱពុក។ ឪពុកបានប្រាប់កូនស្រីថា ប្តីឯងកំពុងផឹកស៊ីជាមួយអ្នកភូមិមិនទាន់ទៅផ្ទះវិញទេ។ ក្រោយមក ក៏ទូរស័ព្ទទៅប្តីជាច្រើនដងទៀត តែប្តីមិនព្រមទទួលទូរស័ព្ទឆ្លើយតបសោះ ទើបធ្វើឱ្យប្រពន្ធខឹងក្នុងចិត្តជាខ្លាំង។
ប្រភពពី សមត្ថកិច្ច ដដែលបានបន្តថា ពេលប្តីមកដល់ផ្ទះវិញ រំលងអាធ្រាត្រស្ត្រីជាប្រពន្ធក៏សួរប្តីថា ឯងទៅណាបាត់មួយថ្ងៃទូរស័ព្ទក៏មិនលើកយប់ថ្មើនេះហើយទើបមកផ្ទះវិញ (វេលាម៉ោង៣ទៀបភ្លឺ)។ ភ្លាមៗនោះ ប្តីមិនបានឆ្លើយតបទៅនឹងសំណួរប្រពន្ធវិញទេ។ សមត្ថកិច្ចបានឱ្យដឹងថា មុនពេលប្តីមកដល់ផ្ទះប្រពន្ធបានដាំទឹកក្តៅឱ្យពុះរង់ចាំប្តីរួច ជាស្រាច់ហើយ ដើម្បីចាក់ស្រោចលើប្តី។ បន្ទាប់ពីប្រពន្ធសួរប្តីមិនឆ្លើយតប។ មួយសន្ទុះប្តីកំពុងស្រវឹងផងចាប់ផ្តើមសួរទៅប្រពន្ធវិញថា អូនដាំទឹកធ្វើអី? ប្រពន្ធបានឆ្លើយតបវិញភ្លាមថាដាំទឹកទុកចាក់អាឆ្កែដើរមិនចូល ផ្ទះ។ ពេលប្រពន្ធឆ្លើយបែបនេះ ប្តីមិនបានចាប់អារម្មណ៍ឡើយក៏ដើរទៅដេកក្នុងអង្រឹង។ ពេលប្តីកំពុងដេកនៅក្នុងអង្រឹងប្រពន្ធក៏យកទឹកក្តៅទៅចាក់ស្រោច ពីលើប្តីតែម្តង។ ប្តីកំពុងតែដេកក្នុងអង្រឹងពេលត្រូវទឹកក្តៅស្រោចពីលើខ្លួនក៏ ស្ទុះងើបចេញពីក្នុងអង្រឹងបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ដឹកទៅកាន់មន្ទីរពេទ្យខេត្តស្ទឹងត្រែង។ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរសាច់ញាតិបានបញ្ជូនជនរងគ្រោះបន្តទៅ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទីក្រុងភ្នំពេញ។ ស្ត្រីជាប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅកាន់ សាលាដំបូងខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបញ្ជាក់នៅ ថ្ងៃទី២០ខែមីនាថាបុរសជាប្តីកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួនមិនបានប្តឹងផ្តល់អ្វីនោះទេ។ រឿងនេះ ទុកឱ្យខាងតុលាការជាអ្នកសម្រេចទៅចុះ។ ករណីនេះ អាចបណ្តាលមកពីប្រពន្ធប្រចណ្ឌប្តី។ លោក ហូ សំអុល ប្រធានសមាគមអាដហុកខេត្តស្ទឹងត្រែងយល់ឃើញថាករណីអំពើហឹង្សានៅក្នុង គ្រួសារខាងលើនេះស្ត្រីជាប្រពន្ធត្រូវមានទោសពីរ។ទី១.បណ្កឹង សំណងរដ្ឋប្បវេណី(សងជំងឺចិត្ត)។ទី២.ជាប់បណ្តឹងអាជ្ញាអាស្រ័យលើ ព្រះរាជអាជ្ញាលោកជាអ្នកសម្រេច៕