បន្ទាយមានជ័យ ៖ កូនប្រសារប្រុសម្នាក់មានជំងឺសរសៃប្រសាទ បានដុតផ្ទះឪពុកក្មេកឆេះខ្ទេចទាំងសម្ភារ:ប្រើប្រាស់និងលុយកាក់ មួយចំនួន។រឿងដែលមិនគួរកើតតែវាបានកើតឡើងនោះស្ថិតនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីព្រលប់ថ្ងៃទី ២១ខែមីនាឆ្នាំ២០១៦។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំជប់វារី បានឲ្យដឹងថា៖ មុនកើតហេតុបុរសជាកូនប្រសាឈ្មោះឈុនសូត្របានមកលេងផ្ទះឪពុកក្មេក និងបានផឹកស្រាស្រវឹង។ឪពុកក្មេកឃើញដូច្នេះបានដើរចេញពីផ្ទះ របស់ខ្លួនទៅផ្ទះកូនប្រសាម្នាក់ទៀតដែលនៅចម្ងាយប្រមាណប្រាំម៉ែត្រ។ ពេលនោះស្រាប់តែឈ្មោះឈុន សូត្រ នេះ ខឹង ក៏យកដែកកេះមកដុត បណ្តាលឲ្យភ្លើងឆាបឆេះសន្ធោសន្ធៅតែម្តង។ពេលឆេះអ្នកភូមិមិនអាចជួយ ពន្លត់បានទេព្រោះផ្ទះប្រក់ស្លឹកនិងជញ្ជាំងក៏ស្លឹកដែរនោះត្រូវ ភ្លើងឆេះលឿនណាស់បណ្តាលឲ្យអន្តរាយផ្ទះអ្នកក្រីក្រមួយរំពេច។
មន្ត្រីនគរបាលបានបន្តថាក្នុងហេតុការណ៍ឆេះផ្ទះនេះមិនបណ្តាលឲ្យ នរណាម្នាក់រងគ្រោះថ្នាក់ទេតែទ្រព្យសម្បត្តិវិញគឺឆេះអស់ជាច្រើន។
ក្នុងនោះផ្ទះមួយខ្នងមានទំហំ៣ម៉ែត្រ គុណ៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស្លឹក រួមទាំងលុយចំនួន១៦ម៉ឺនបាត និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ត្រូវបានក្លាយជាចំណីអគ្គិភ័យអស់គ្មានសល់។ តាមការឲ្យដឹងពីអ្នកភូមិម្ចាស់ផ្ទះខាងលើ ឈ្មោះញិប ផៅ ភេទប្រុស អាយុ៨៦ឆ្នាំ មានកូនប្រសាឈ្មោះឈុន សូត្រ (ជនបង្ក) អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា និងមានជំងឺសរសៃប្រសាទដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យផងដែរ៕