ឧត្តរមានជ័យ ៖ នៅលើលោកនេះ មនុស្សប្រុស-ស្រីគ្រប់ៗរូបតែងតែមានសុខមានទុក្ខនៅក្នុងក្រុមគ្រួសារ ក៏ប៉ុន្តែពុំគួរជ្រើសរើសសម្រេចចិត្តធ្វើអត្តឃាតខ្លួនបែបនេះទេ ។ ជាក់ស្តែង ស្ត្រីម្នាក់បានយកថ្នាំកណ្តៀរមកលាយជាមួយប្រេងម៉ាស៊ូតផឹក បណ្តាលឱ្យពុលស្លាប់ ដែលហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ មីនា ២០១៦ ស្ថិតក្នុងភូមិយាងខាងត្បូង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ស្ត្រីរងគ្រោះខាងលើឈ្មោះសង សេម អាយុ៣២ឆ្នាំ មានស្រុកកំណើតឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មានប្តីឈ្មោះសៅ ហឿន អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅភូមិត្រាចឃុំបាលាំង ស្រុកប្រាសាទបាគង់ ខេត្តសៀមរាប ។ បច្ចប្បន្ន រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
បើតាមអ្នកភូមិឱ្យដឹងថា ទាំង២នាក់ប្តីប្រពន្ធនេះ គឺជាស្ត្រីមេម៉ាយ និងពោះមាយ មានកូន២ដូចគ្នា ហើយក៏ចាប់ដៃគ្នាធ្វើជាប្តី-ប្រពន្ធរយៈពេលជាង២ឆ្នាំមកហើយ ។ ប៉ុន្តែការរស់នៅរបស់ពួកគេ មិនសូវចុះសម្រុងទេ ឈ្លោះគ្នាស្ទើររាល់ថ្ងៃ ហើយត្រូវបុរសជាប្តីចាកចេញពីផ្ទះបាត់ប្រហែលជាង១ខែមកហើយ ។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះបានទិញប្រេងម៉ាស៊ូត៥លីត្រ និងថ្នាំសម្លាប់សត្វល្អិតចំនួន៣ ទៅ៤កញ្ចប់ ។តែនឹកស្មានថា គាត់ទិញយកមកដាក់ដំណាំរបស់គាត់ ។
លុះវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែគេឃើញមានអណ្តាតភ្លើងឆេះចេញតាមបង្អួចផ្ទះ ចំណែកអ្នកជិតផ្អើលនាំគ្នារត់ទៅជួយពន្លត់ ស្រាប់តែឃើញទ្វារផ្ទះជាប់គន្លឹះ មិនអាចចូលបាន ក៏នាំគ្នាវាយទម្លាយទ្វារ ដើម្បីចូលពន្លត់ភ្លើង ហើយក៏ប្រទះឃើញស្ត្រីរងគ្រោះដេកដួលស្តូកស្តឹងស្លាប់បាត់បង់ជីវិត ។
សមត្តកិច្ចឱ្យដឹងដែរថា ក្រោយពីកើតហេតុ កំលាំងបានចុះទៅធ្វើការពិនិត្យ ឃើញមានកញ្ចប់ថ្នាំពុលសម្លាប់សត្វល្អិត និងប្រេងមាស៊ូតហើយសន្និដ្ឋានថា ស្ត្រីរងគ្រោះមានវិបត្តិដោះស្រាយមិនចេញ ទើបសម្លាប់ខ្លួនដោយយកថ្នាំលាយនិងប្រេងមាស៊ូតផឹក រួចព្យាយាមចាក់ប្រេងដុតផ្ទះទៀត ប៉ុន្តែត្រូវអ្នកជិតខាងពន្លត់បានទាន់ពេល ៕