កំពង់ធំ ៖ កម្លាំងសម្ថកិច្ចកងរាជអាវុធហត្ថស្រុក សន្ទុក សហការណ៍ជាមួយអាវុធហត្ថក្រុងស្ទឹងសែន ចុះចាប់ក្រុមស្ទាវចំនួនប្រាំនាក់ ដែលតែងធ្វើសកម្មភាពវាយប្លន់ម្ចាស់រថយន្តឈប់ចតតាមដងផ្លូវនាពេល យប់។ ការបង្ក្រាបនោះនៅចំណុចអូរប្រាសាទស្ថិតក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុកកាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំបានឲ្យដឹងថាជនសង្ស័យមានគ្នា ប្រាំនាក់ ប្រដាប់ដោយដាវ កាំបិតផ្គាក់ និងដំបងដែក បានធ្វើសកម្មភាព ប្លន់ និងវាយម្ចាស់រថយន្តឲ្យរងរបួស និងបែកកញ្ចក់រថយន្តប្លន់យកលុយ និងទូរស័ព្ទ ខណៈម្ចាស់រថយន្តបើកបរពេលយប់ឈប់ចត។មន្ត្រីដដែលបានបន្តថា ក្រុមស្ទាវដែលសមត្ថកិច្ចចាប់ចំនួនប្រាំនាក់នោះមានឈ្មោះ នួល សំណាង ហៅអាច្រឹងអាយុ១៩ឆ្នាំឈ្មោះ ម៉ៅ ចាន់រ៉ាអាយុ១៨ឆ្នាំឈ្មោះ ម៉ៅ ចាន់រ៉ុងអាយុ១៦ឆ្នាំឈ្មោះ ឡេង ហ៊តអាយុ២៣ឆ្នាំ និងឈ្មោះ លន ញ៉ាញ់អាយុ២០ ឆ្នាំពួកគេរស់នៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន សារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពប្លន់អ្នកឡាននៅតាមដងផ្លូវត្រង់ចំណុច ខាងលើនេះចំនួនជាង១០ដងមកហើយ នៅពេលប្លន់បានម្តងៗបានប្រាក់តែបន្តិចបន្តួចប៉ុណ្ណោះ ចែកគ្នាបានម្នាក់៤ម៉ឺន ទៅ១០ម៉ឺនរៀលទេ មិនដែលប្លន់បានប្រាក់ច្រើននោះទេ លុយទាំងនេះយកមកចែកគ្នាបាននាំគ្នាផឹកស៊ីសប្បាយ អស់លុយទើបធ្វើសកម្មភាពទៀត៕