កំពង់ធំៈ៖ បុរសសង្ស័យពីរនាក់ត្រូវបាននគរបាលស្រុកសន្ទុកចាប់ខ្លួនកាលពី ថ្ងៃអាទិត្យពាក់ព័ន្ធករណីលួចគោពលរដ្ឋក្នុងខេត្តកំពង់ចាម ៦ ក្បាល និងគ្រោងបញ្ជូនខ្លួនទៅតុលាការខេត្តកំពង់ធំនៅព្រឹកនេះដោយចោទពី បទ «ទទួលផលចោរកម្ម»។
លោក ជៀប គឹមឆុង អធិការរងស្រុកសន្ទុកបានឲ្យដឹងថាជនសង្ស័យឈ្មោះ ម៉ៅ ភឿក អាយុ ៤៤ ឆ្នាំ រស់នៅភូមិស្លាកែត ឃុំក្រវា ស្រុកបារាយណ៍ និង គូកនម្នាក់ទៀតដែលរស់នៅក្នុងភូមិជាមួយគ្នាឈ្មោះ វ័ន្ត ព្រលឹង អាយុ ៣៦ ឆ្នាំ។
លោកបន្តថា នៅព្រឹកថ្ងៃអាទិត្យក្រោយពីបានទទួលសេចក្ដីរាយការណ៍ពីនគរបាល ស្រុកចំការលើ ខេត្តកំពង់ចាមថាមានករណីចោរលួចគោពលរដ្ឋនៅភូមិអូរកន្សែង ឃុំតាប្រុក ចំនួន ៦ ក្បាលក្រុមកម្លាំងសមត្ថកិច្ចរបស់លោកបាននាំគ្នាចុះល្បាតតាមដង ព្រៃហើយក៏ប្រទះឃើញជនសង្ស័យទាំងពីរនាក់កំពុងដឹកគោចំនួន ៦ ក្បាលចេញពីក្នុងព្រៃមួយកន្លែងនៅក្នុងភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក។ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនបុរសទាំងពីរនាក់ ទៅធ្វើការសាកសួរ។
លោកបញ្ជាក់ថា៖ «ក្នុងអំឡុងពេលសាកសួរជនសង្ស័យបានបដិសេធថាគោទាំង ៦ ក្បាលនោះពួកគេបានទិញពីបុរសម្នាក់ឈ្មោះ យឹម លន់ ក្នុងតម្លៃ ៦,៥ លានរៀលប៉ុន្តែនៅមិនទាន់បង់លុយនោះទេ»។
យោងលិខិតទិញលក់ឈ្មោះ យឹម លន់ ជាម្ចាស់គោរស់នៅភូមិបាក់ស្នាក្រោម ឃុំបាក់ស្នា ស្រុកបារាយណ៍ប៉ុន្តែនៅពេលនគរបាលចុះធ្វើការស្រាវជ្រាវពុំមានឈ្មោះ នេះទេ៕