នគ​បាល​ខេត្តកំពង់ធំ បង្ក្រាប​ក្រុម​ឃាតក ដែល​សម្លាប់​បុរស​ម្នាក់ និង​ជា​ក្រុមចោរប្លន់​

23-March-2016 | ដោយ មែន កំសត់


​កំពង់ធំ​៖ ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សំអាន បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា កម្លាំង​នគរបាល​របស់លោក បាន​បើក​ប្រតិបត្តិការ ស្រាវជ្រាវ​រហូត​តាម​បង្ក្រាប ក្រុម​ឃាតក​៤​នាក់ ពាក់ព័ន្ធ​នឹង​ការសម្លាប់​ជនរងគ្រោះ​ម្នាក់ កាលពី​ឆ្នាំ​២០១៣ ដោយសារតែ​ជនរងគ្រោះ​បានដឹងថា ពួកគេ​ជា​ក្រុមចោរប្លន់ លួច គោក្របី​របស់​អ្នកស្រុក​។​
​លោក កែ ខាន់​ណា​រ៉ា ស្នងការរង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់ ថា ក្រុម​ជនដៃដល់​ទាំងនេះ បានសម្លាប់​ដ៏​ឃោរឃៅ​ទៅលើ​ឈ្មោះ ម៉ែន សំណាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ វេលា​ម៉ោង​៦៖១៧​នាទី ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ ត្រង់ចំណុច​អាងទឹក​ខាងកើត ភូមិ​ពង្រ​លី​ញ ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​លោក​បាន​បន្តទៀតថា រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦​នេះ ក្រោម​បញ្ជា​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​លោកស្នងការ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក សហការ​ការ​ជាមួយ​កម្លាំង នគរបាល​ប៉ុស្តិ៍​ក្រវ៉ា ស្រុក​បារាយណ៍ ចុះទៅ​ចាប់ខ្លួនបាន​ជនសង្ស័យ​ទាំង​៤​នាក់ បានជា​បន្តបន្ទាប់​។​

​លោក​ស្នងការរង បានបញ្ជាក់​ទៀតថា ជនសង្ស័យ​ទី​១ ឈ្មោះ កេង ឡែ​ន អាយុ​៣៨​ឆ្នាំ ទី​២​ឈ្មោះ អៀង អឿង អាយុ​២៨​ឆ្នាំ ពួកគេ​រស់នៅ ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ទី​៣ ឈ្មោះ សឿង វី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ និង​ទី​៤ ឈ្មោះ ឡុ​ក ថេត អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា អ្នក​ទាំង​បួន​នាក់​នេះ មាន​មុខរបរ​រកស៊ី​ទិញ លក់​គោក្របី និង ស៊ីឈ្នួល​ដឹកគោ ក្របី​តាម​រឺ​ម៉ក់​។​

​បើតាម​លោក​ស្នងការរង​នគរបាល​ខេត្ត មូលហេតុ​ដែល​នាំ​ពួកគេ​សម្លាប់ ឈ្មោះ ម៉ែន សំណាង គឺ​ដោយ​ជនរងគ្រោះ​បានដឹង​រឿង អាថ៌កំបាំង​ពីមុខ​សញ្ញា លួច ប្លន់​គោ​របស់​ប្រជាពលរដ្ឋ​។​
​លោក កែ ខាន់​ណា​រ៉ា បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ដំណឹង​នៃ ការចាប់ខ្លួន​ជន​ទាំង​បួន​នាក់​នេះ ប្រជាពលរដ្ឋ​មានការ​ត្រេកអរ​សប្បាយ ចិត្ត​យ៉ាងខ្លាំង ពីព្រោះ​លែង​ព្រួយបារម្ភ​ទៀតហើយ លើ​ការបាត់បង់​គោក្របី​របស់​ពួកគាត់​៕

ចំនួនអ្នកទស្សនា

    20530927

  • ថ្ងៃនេះ7751
  • ម្សិលមិញ15681
  • សប្តាហ៍នេះ66591
  • ខែនេះ88471
  • ឆ្នាំនេះ88471
  • សរុប20530927