សៀមរាប ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប បានបន្តពង្រាយកម្លាំងយាមទីតាំងចិញ្ចឹមត្រីឆ្តោរខុសច្បាប់ មួយកន្លែង រង់ចាំចំណាត់ការពីស្ថាបន័តុលាការជាថ្មី បន្ទាប់ពីជំនាញជលផលប្រមូលគ្នាឡើងឡានចាកចេញ មិនសហការបង្ក្រាប។ ហេតុការណ៍ដ៏ចម្រូងចម្រាស់ ធ្វើឲ្យមានចម្ងលនេះ កើតឡើងត្រង់ចំណុចវាលស្រែក្រោយវត្តអារញ្ញ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។
ប្រភពព័ត៌មាន បានឲ្យដឹងថា ទីតាំងចិញ្ចឹមត្រីឆ្តោរខុសច្បាប់ខាងលើ មានស្រះចិញ្ចឹមត្រីចំនួន៣ធំៗ ដែលមានម្ចាស់ឈ្មោះ ថាង ង្វៀត ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនជាតិវៀតណាម។ រហូតមកដល់រសៀលថ្ងៃដដែលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ អំពីចំណាត់ការទៅលើទីតាំងចិញ្ចឹមត្រីឆ្តោរនោះ។ ប៉ុន្តែនាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាន បញ្ជាក់ថា ទោះបីជំនាញជលផលឡើងឡានចាកចេញ ដោយមិនព្រមសហការបង្ក្រាប ឬពិន័យតាមច្បាប់ តែកម្លាំងរបស់លោកមិនដកថយឡើយ គឺរងចាំចំណាត់ការពីស្ថាបន័តុលាការជាថ្មី។
នៅក្នុង ហេតុការណ៍នោះ គេឃើញម្ចាស់ស្រះត្រីឆ្តោរអោបដៃអោបជើង សមត្ថកិច្ចបំណងសុំកុំឲ្យមានការបង្ក្រាប។ ជាលទ្ធផលរត់ការបិទមាត់បិទច្រមុះពីស្ថាប័នមានសមត្ថកិច្ចកន្លងមក បានសម្រេចច្រើន ហើយនៅតែប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមួយស្ថាប័នប៉ុណ្ណោះ៕