ក្រចេះ ៖ បុរសជាគ្រូបង្រៀនកម្រិតវិទ្យាល័យម្នាក់ ត្រូវនគរបាលស្រុកសំបូរចាប់ខ្លួន ដោយរងការចោទប្រកាន់ថា បានល្បូងសិស្សស្រីអាយុ១៧ឆ្នាំម្នាក់ ទៅរំលោភបានសម្រេចរហូត៣ដង ក្នុងបន្ទប់សណ្ឋាគារមួយកន្លែងក្នុងខេត្តក្រចេះ ដែលហេតុការណ៍ចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២២ មីនា ២០១៦ និងដោយយោងតាមពាក្យបណ្តឹងរបស់ឪពុកម្តាយរបស់សិស្សស្រីខាងលើ ។
គ្រូបង្រៀនខាងលើមានឈ្មោះជីវ ចាន់ថា អាយុ២៦ឆ្នាំ បង្រៀននៅសាលាវិទ្យាល័យសណ្តាន់ ក្នុងឃុំសណ្តាន់ ស្រុកសំបូរ ។ បើតាមការលើកឡើងរបស់នគរបាលស្រុកឱ្យដឹងថា កាលពីថ្ងៃទី២១ មីនា សិស្សានុសិស្សបានទៅពិធីជប់លៀងមួយ ជាមួយលោកគ្រូ-អ្នកគ្រូកំរិតវិទ្យាល័យ ។ ក្រោយពីពិធីជប់លៀងរួច លោកគ្រូរូបនេះ បានឌុបនាងតាមម៉ូតូទៅដើរលេងបន្ត រហូតបាត់ពេញមួយយប់ ទើបធ្វើឱ្យក្រុមគ្រួសារមានការផ្អើលឆោឡោឡើង ព្រោះបាត់កូន។
បើតាមសម្តីរបស់លោកគ្រូរូបនេះក៏បានឱ្យដឹងដែរថា ក្រោយពីជិះម៉ូតូឌុបនាងដើរលេងរហូតដល់យប់ រូបគេមិនបានត្រឡប់មកផ្ទះវិញទេ ក៏បង្ហួសចូលសណ្ឋាគារមួយកន្លែងក្នុងខេត្ត និងបានដេកមួយពេញមួយយប់ ហើយបានរំលោភនាងបានសម្រេចចំនួន៣ដង។
បន្ទាប់ពីដេកនៅក្នុងសណ្ឋាគារបានមួយយប់ នៅព្រឹកថ្ងៃទី២២ មីនា នេះ ខ្លួនក៏បានឌុបនាងត្រឡប់ទៅផ្ទះវិញនៅស្រុកសំបូរ ហើយត្រូវនាងយករឿងនេះ ទៅប្រាប់ឪពុកម្តាយថា លោកគ្រូបានល្បួងនាងរំលោភ ទើបឪពុកម្តាយមកដាក់ពាក្យបណ្តឹងមកនគរបាល ក៏ឃាត់ខ្លួនតែម្តង ៕