ភ្នំពេញ៖ យោងតាមការដឹងពីមន្ត្រីនគរបាលចរាចរណ៍ខណ្ឌដង្កោ ប្រាប់ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ថា ករណីរថយន្តដឹកដីបុកចូលផ្ទះជួសជុលម៉ូតូ និងបោកអ៊ុត តាមផ្លូវ២១៧ ក្បែរផ្សារថ្នល់បត់ នៃខណ្ឌដង្កោ រហូតមកដល់ពេលនេះម្ចាស់ផ្ទះទាមទារសំណង ១៥០០០ដុល្លា ខណៈដែលភាគីខាងរថយន្តយល់ព្រមជួសជុលជញ្ជាំងផ្ទះសង ប៉ុន្តែម្ចាស់ផ្ទះមិនយល់ស្រប ។
សូមបញ្ជាក់ឲ្យដឹងថា កាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង នៅចំណុចផ្ទះជួសជុលម៉ូតូ និងបោកអ៊ុត លេខ៣៣៨ តាមបណ្តោយផ្លូវ២១៧ ក្បែរផ្សារថ្នល់បត់ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តដឹកដី ១គ្រឿង ទំនងអ្នកបើកបរស្រវឹង សល់ពីយប់ បានបើករថយន្តបុករះរថយន្ត ២គ្រឿងផ្សេងទៀត រងការខូចខាត ដោយមិនអស់ចិត្តរថយន្តដឹកដីនោះបានបន្តដំណើរទៅមុខបុកចូលផ្ទះ ជួសជុលម៉ូតូ និងបោកអ៊ុត បណ្តាលឲ្យក្មេងស្រីចំនួន ២នាក់បងប្អូនកំពុងលេងនៅក្នុងផ្ទះនោះទទួលរងរបួសថែមទៀតផង។
មន្ត្រីនគរបាល ចរាចរណ៍ខណ្ឌដង្កោ ដែលចុះដល់កន្លែងកើតហេតុប្រាប់ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសាររថយន្តដឹកដី ១គ្រឿង ម៉ាក HINO ពណ៌ស្លែរ ពាក់ស្លាកលេខ កំពង់ចាម 3A-0569 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ពោលគឺ ក្រោយពីបង្កហេតុ បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅចំណុចកើយហេតុ ។
មន្ត្រីនគរបាលចរាចរណ៍ខណ្ឌដង្កោ ដដែលបន្តថា រថយន្តដឹកដី ១គ្រឿងនេះ បានបុករះរថយន្តផ្សេងទៀតចំនួន ២គ្រឿង រួមមាន ទី១ រថយន្ត ដឹកដែកក្រុមហ៊ុន CAMEL ពាក់ស្លាកលេខ ភ្នំពេញ 3C-6488 រងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ និងទី២ រថយន្ត ទួរីស ដឹកអ្នកដំណើរ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-1082 រងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ ដូចគ្នា ហើយនៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍នេះ ក៏បណ្តាលឲ្យក្មេងស្រី ២នាក់បងប្អូនបង្កើត រងរបួសផងដែរ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនក្បែរកន្លែង កើតហេតុ។
សាក្សីឃើញហេតុការណ៍ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួក គាត់បានឃើញរថយន្តដឹកដីបង្កហេតុ បើកបរតាមបណ្តោយផ្លូវ២១៧ ហៅ ផ្លូវចំការដូង ទិសដៅពីត្បូង ទៅជើងក្នុងល្បឿនយ៉ាងលឿន ដោយបើករថយន្តរេពេញផ្លូវ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះរេចង្កូតមកខាងឆ្វេងដៃឡើងសួនច្បារកណ្តាល ទ្រូងផ្លូវ បុករះរថយន្ត ២គ្រឿង បើកបរបញ្ច្រាសទិសគ្នា ក្នុងនោះរួមមាន រថយន្តដឹកដែក ១គ្រឿង និងរថយន្ត ទួរីស ដឹកអ្នកដំណើរ ១គ្រឿង បណ្តាលឲ្យរថយន្តទាំង ២គ្រឿង នេះ រងការខូចខាតផ្នែកខាងមុខ ចំហៀងខាងស្តាំដូចគ្នា ។ ចំណែករថយន្តដឹកដីបង្កហេតុនេះ មិនទាន់អស់ល្បឿន ក៏បន្តដំណើរទៅមុខបុកចូលផ្ទះជួសជុលម៉ូតូ និងបោកអ៊ុត បណ្តាលឲ្យក្មេងស្រី ២នាក់បងប្អូនបង្កើតដែលលេងនៅក្នុងផ្ទះនោះទទួលរងរបួសទាំង ២នាក់ ត្រូវបានឪពុក និងអ្នកជិះខាងដឹកបញ្ជូនភ្លាមៗយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិក ឯកជននៅក្បែរនោះ។
ប្រភពព័ត៌មានដដែល ប្រាប់បន្តឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ ចុះពិនិត្យដល់កន្លែងកើតហេតុ ភ្លាមៗ ផងដែរ ប៉ុន្តែហួសពេលទៅហើយ ដោយសារអ្នកបើកបររថយន្តដឹកដីបង្កហេតុ បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅចំណុចកើយហេតុ។
សមត្ថកិច្ច ប្រាប់ឲ្យដឹងថា រថយន្តទាំង ៣គ្រឿង ក្រោយពីធ្វើការវាស់វែង ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ប៉ុន្តែរយះពេលប៉ុន្មានម៉ោងក្រោយមក រថយន្តរងគ្រោះទាំង ២គ្រឿង គឺរថយន្តដឹកដែក និងរថយន្ត ទួរីស ដឹកដំណើរ ត្រូវបានតំណាងភាគីរថយន្តដឹកដីបង្កហេតុចេញមុខធ្វើការចរាចរសង សំណង ដើម្បីបញ្ចប់រឿង នៅសល់តែខាងភាគីម្ចាស់ផ្ទះមួយទេ ដែលមិនទាន់ត្រូវបានបញ្ចប់ ដោយសារម្ចាស់ផ្ទះទាមទារសំណងចំនួន ១៥០០០ដុល្លា ចំណែកខាងភាគីរថយន្តបង្កហេតុយល់ព្រមជួសជុលជញ្ជាំងផ្ទះសង ប៉ុន្តែម្ចាស់ផ្ទះមិនយល់ស្រប៕