សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាប់រយ​នាក់​ឈរ​ព័ទ្ធ រថយន្ត​ស្ត្រី​ម្នាក់ ខឹង​បុក​ម៉ូតូ​មិន​ព្រម​ដោះស្រាយ យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​គំរាម

23-March-2016 | ដោយ មែន កំសត់

 
​​ភ្នំពេញ ៖ ក្រុម​សិស្សានុសិស្ស​រាប់រ​យ​នាក់​បាននាំគ្នា​ឈរ​ព័ទ្ធជុំវិញ​រថយន្ត​ម៉ែរ​សឺ​ដេ​ស ពណ៌​ខ្មៅ​មួយគ្រឿង​បើកបរ​ដោយ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បុក​ម៉ូតូ​ម៉ាក​ស្គូ​ប​ពី​របស់​យុវ​សិស្ស​ម្នាក់ ហើយ​មិន​ព្រម​ចុះ​ដោះស្រាយ បែរជាយក​ឈ្មោះ​ថ្នាក់ដឹកនាំ​មក​គំរាម​បង្កឱ្យមាន ការភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង​១​រសៀល​ថ្ងៃទី​២២ មីនា នៅ​ច្រកទ្វារ​ខាងត្បូង​នៃ​សាលា វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ស្ថិត​ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។​

 ​យុវ​សិស្ស​រងគ្រោះ​ឈ្មោះ គៀត សុភៈ​ធា​រិ​ទ្ធ អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១១ «J» នៃ​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រងរបួស​ស្រាល រលាត់​ដៃជើង ខណៈពេល​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ប​ពី ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​១DC០៦៩១​មួយគ្រឿង​។​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវ​សិស្ស​រងគ្រោះ​ជិះ​ម៉ូតូ​ពី​លិចទៅ​កើត លុះ​មកដល់​កន្លែងកើតហេតុ បើក​ឆ្លងផ្លូវ​សំដៅ​ចូល ទៅ​សាលា​ជិត​ផុត​ទៅហើយ ស្រាប់​តែមាន​រថយន្ត ម៉ាក​ម៉ែរ​សឺ​ដេ​ស​S320 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២F-៤១៨៩ មួយគ្រឿង បើកបរ​ដោយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ពី​លិច ទៅ​កើត​ស្រប​ទិស​គ្នា​បុក​ម៉ូតូ​ដួល​តែម្តង ។

​ក្រោយ​កើតហេតុ​យុវ​សិស្ស​រងគ្រោះ​ងើប​ដើរ​សំដៅទៅ​រថយន្ត​បង្ក​នោះ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ប៉ុន្តែ​ស្ត្រី​រូបនោះ មិន​ព្រម​ចុះ​ដោះស្រាយ​បែរជា អង្គុយ​នៅក្នុង​រថយន្ត​។​ឃើញ​ដូច្នេះ ក្រុម​សិស្សានុសិស្ស​រាប់រ​យ​នាក់​បាននាំគ្នា​មក​ចោម រោម​ព័ទ្ធជុំវិញ​រថយន្ត ដើម្បី​សុំឱ្យ​ស្ត្រី​រូបនោះ ចុះមក​ដោះស្រាយ​គ្នា ។ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាន់តែខ្លាំង​ឡើងៗ ដោយសារតែ​ស្ត្រី​រូបនោះ​មិន​ព្រម​ចុះ​ដោះស្រាយ ជាមួយនឹង​ជនរងគ្រោះ ព្រមទាំង​និយាយ​យកតែ​ឈ្មោះ ថ្នាក់ដឹកនាំ​ប្រទេស និង​មន្ត្រី​ធំៗ​មួយចំនួន​មក​គំរាម ធ្វើឱ្យ​ក្រុម​សិស្សានុសិស្ស​ទាំងអស់នោះ មាន​កំហឹង​យ៉ាងខ្លាំង ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌដូនពេញ ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​ស្ត្រី​វ័យ​ចំណាស់​រូបនោះ​នៅ តែ​មិន​ចុះ​ពីលើ​រថយន្ត​មក និយាយ​ជាមួយ​សមត្ថកិច្ច​ទៀត ដោយ​គ្រាន់តែ​បើក​កញ្ចក់​និយាយថា សុខចិត្ត​យក​ម៉ូតូ​របស់​យុវ​សិស្ស​រងគ្រោះ ទៅ​ជួសជុល​ឱ្យ ដើម្បី​បញ្ចប់រឿង​នៅ​នឹង កន្លែងកើតហេតុ ទើប​ធ្វើឱ្យ​ក្រុមសិស្ស​រាប់រយ​នាក់​រំសាយចិត្ត និង​ព្រម​ចូលរៀន​វិញ៕

ដោយ៖សៀម ហ៊ុន

ចំនួនអ្នកទស្សនា

    20532057

  • ថ្ងៃនេះ8881
  • ម្សិលមិញ15681
  • សប្តាហ៍នេះ67721
  • ខែនេះ89601
  • ឆ្នាំនេះ89601
  • សរុប20532057