ព្រះសីហនុ ៖ សពស្អុយរលួយជាបុរសម្នាក់ ត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតទឹកកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៤ មីនា នៅចំណុចកោះចន្លុះ និងកោះឫស្សី ស្ថិតក្នុងទឹកដីស្រុកព្រៃនប់ ហើយត្រូវបាននគរបាលព្រំដែនទឹកអូសយកមកកាន់ឆ្នេរពយម៉ាចូវ ស្ថិតក្នុងភូមិគគីរ ឃុំបិត្រាំង ស្រុកព្រៃនប់ ។
មន្ត្រីនគរបាលព្រំដែនទឹកបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជានេសាទភ្លាម កម្លាំងនគរបាលព្រំដែនទឹកបានទៅដល់កន្លែងកើតហេតុ ។ ដោយសារតែស្ថានភាពសពរលួយលើកដាក់អូប័រមិនបាន កម្លាំងជួយសង្គ្រោះបានទាក់ខ្សែអូសមកកាន់ឆ្នេរពយម៉ាចូវ ដើម្បីប្រគល់ឱ្យមន្ត្រីជំនាញធ្វើកោសល្យវិច័យ ។
ប្រភពដដែលបានបន្តថា ចំពោះសពដែលគេប្រទះឃើញនេះ នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែអាចសន្និដ្ឋានបានថា សពជាបុរស អាយុប្រហែល២០ឆ្នាំ ឡើង ជាជនជាតិខ្មែរ (សង្ស័យកម្មករទូក) ។
លោក សារ៉ាត់ វិជ្ជា នាយការិយាល័យពិនិត្យសាកសពបានបង្ហើបថា ចំពោះមូលហេតុនៃការស្លាប់នេះ មានការពិបាកនឹងធ្វើកោសល្យវិច័យបន្តិចហើយ ព្រោះសពបានស្អុយរលួយអស់ទៅហើយ ចំពោះការស្លាប់វិញនៅចន្លោះពី៧ទៅ១០ថ្ងៃមុនគេប្រទះឃើញ ៕