ភ្នំពេញ៖ ករណីផ្ទុះអាវុធនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញនៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ដែលបណ្តាលរបួសធ្ងន់២នាក់ ម្នាក់ជានាយនគរបាលប៉ុស្តិ៍វត្តភ្នំ និងម្នាក់ទៀតជា មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រហស្សនាមទិវា១៨៧ ត្រូវបានសមត្ថកិច្ចអះអាងថា កើតចេញពីរឿងទៅជួយអន្តរាគមន៌គ្រួសារឈ្លោះគ្នា។
លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា មុនពេលកើតហេតុមានប្រជាពលរដ្ឋប្តឹងមកប៉ុស្តិ៍នគរបាលវត្តភ្នំ ឲ្យទៅជួយអន្តរាគមន៍ដោយសារតែជនបង្កអុកឡុក (សង្ស័យប្រើថ្នាំញៀន) ពេលនោះលោកមេប៉ុស្តិ៍បានដឹកនាំកម្លាំងទៅជួយដោះស្រាយ ស្រាប់តែប៉ះទង្គិចគ្នា រហូតជនបង្កបាញ់មួយគ្រាប់ ចំលោក អ៊ុត សំអាត ហើយក៏ភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍ក៏ធ្វើការឆ្លើយតបទៅវិញដោយបាញ់ជននេះបណ្តាលរងរបួសធ្ងន់ផងដែរ។
លោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា លោកមេប៉ុស្តិ៍វត្តភ្នំ បានរួចផុតពីគ្រោះថ្នាក់ហើយ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ដោយជនបង្កត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសិន រង់ចាំការចាត់ការនៅពេលក្រោយ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនដៃដល់គឺជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាត្រី១៨៧ហើយសង្ស័យប្រើថ្នាំញៀនទៀតផងពីព្រោះសមត្ថកិច្ចបានរកឃើញថ្នាំញៀនមួយកញ្ចប់ និងដែកកេះមួយ នៅលើដងខ្លួននេះ៕