ត្បូងឃ្មុំ ៖ លោកហៀង សុភ័ក្ត្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្តត្បូងឃ្មុំ បញ្ជាឲ្យសមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកឈើគ្រញូងមួយកន្លែងរបស់ មេ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ បទបញ្ជាពីព្រះរាជអាជ្ញាត្រូវប្រតិកម្មពីមេឃុំថា ៖ធ្វើបែបនេះនឹងធ្វើឲ្យបាត់សន្លឹកឆ្នោត។
នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងអាវុធហត្ថខេត្តកម្លាំងអាវុធហត្ថស្រុក និងមន្ត្រីរដ្ឋបាលព្រៃឈើចុះទៅបង្ក្រាបទីតាំងស្តុកឈើគ្រញូង មួយកន្លែងរបស់ មេ ឃុំត្រពាំងផ្លុង ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
មន្ត្រីស្ថិតក្នុងរង្វង់ឆែកឆេរបង្ក្រាបបានបញ្ជាក់ថា ចំពោះប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ច បានរកឃើញឈើគ្រញូងជិត១០តោន នៅក្នុងឃ្លាំងមួយនេះ។ បើតាមមន្ត្រីរូបនេះ នៅពេលចុះបង្ក្រាបនិងឆែកឆេរលោកមេឃុំ ដែលជាម្ចាស់ទីតាំងមិនបានចូលរួមសហការនោះឡើយ ហើយថែមទាំងនិយាយថា ក្រុមសមត្ថកិច្ចបានទៅប្លន់ទ្រព្យរបស់គាត់ និងនិយាយថា ការធ្វើបែបនេះ នឹងធ្វើឲ្យអស់សន្លឹកឆ្នោតទៀតផង តែពេលនោះមិនមានវត្តមានលោកមេឃុំនៅនឹងកន្លែងទេគឺគេចខ្លួនបាត់ហើយ៕
ដោយ៖សីហា