ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​សំណេះសំណាល​ជាមួយ មន្ត្រី​កងរាជអាវុធហត្ថ ក្រោម​ឱវាទ​

27-March-2016 | ដោយ មែន កំសត់




​ភ្នំពេញ​៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជួប​សំណេះសំណាល​និង​ជូនអំណោយ​ឆ្នាំ​ថ្មី ដល់​នាយ នាយរង និង​ពល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល​ដោយមាន​ការណែនាំ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​អញ្ជើញ នាយ នាយរង និង​ពល​អាវុធហត្ថ​ក្រោម​ឱវាទ​លោក​ទាំងអស់ មកជួប​សំណេះសំណាល​ជា​បន្តបន្ទាប់ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ភ្ជាប់​ជាមួយ​កាដូ​ចំណងដៃ ក្នុង​ម្នាក់ៗ​ទទួលបាន ទឹកក្រូច​មួយ​កេស អាវយឺត​មួយ ទឹក​សុទ្ធ និង​នំពា គ្រប់ៗ​គ្នា​។​

 ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​លើកឡើងថា ជានិច្ច​ជា​កាល ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា តែងតែ​យកចិត្តទុកដាក់ គិតគូរ ពី​សុខទុក្ខ របស់​អាវុធហត្ថ​គ្រប់ៗ​រូប បើទោះជា​ថ្ងៃនេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មិនបាន​អញ្ជើញ​មកជួប​បងប្អូន​ដោយផ្ទាល់ ប៉ុន្តែ​ឯកឧត្តម បាន​ផ្តាំផ្ញើ សួរសុខទុក្ខ និង​ជូនពរ​បងប្អូន​ព្រមទាំង​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា ពី​ចម្ងាយ​ផងដែរ​។​

 ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​បន្ថែមទៀតថា ក្នុងនាម​ឯកឧត្តម ជា​មេបញ្ជាការ ពិតជា​មាន​មោទនភាព​ខ្លាំងណាស់ ដែល​បានឃើញ កម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ ឯកភាពគ្នា​តែមួយ បំពេញភារកិច្ច​សម្រេច​បាន ស្នាដៃ​ធំៗ​ជាច្រើន ពិសេស​ការបង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ដ៏​សកម្ម​និង​សាហាវឃោរឃៅ ដោយបាន​ប្លន់​និង​បាញ់​ជនរងគ្រោះ ឲ្យ​ស្លាប់​និង​របួស​ជាច្រើន​នាក់​ក្នុង​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ធំៗ​ជាច្រើន ដែល​ថ្មីៗ​នេះ បង្ក្រាបបាន​គ្រឿងញៀន រហូតដល់​ទៅ ជាង​13​គីឡូក្រាម និង​បាន​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ចេញពី​គ្រោះ​អគ្គីភ័យ ទទួលបាន​ការគោរព និង​កោតសរសើរ ពី​គ្រប់​មជ្ឈដ្ឋាន​។ ការសម្រេច​ស្នាដៃ​ទាំងអស់នេះ ជាការ​រួមចំណែក​មួយ​យ៉ាង​ធំ ក្នុងការ​ថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម ក្នុង​រាជធានី​ភ្នំពេញ​យើង​ទាំងមូល​។​

 ឯកឧត្តម រ័ត្ន ស្រ៊ាង បន្តទៀតថា ទឹកក្រូច​ចំនួន ពីរពាន់​កេស ដែល​បានរៀបចំ​ចែកជូន​ដល់​បងប្អូន​នៅពេលនេះ សង្ឃឹមថា​បាន​ចូលរួមចំណែក ក្នុងការ​អបអរសាទ​រ​បុណ្យចូលឆ្នាំថ្មី ជាមួយ​ក្រុមគ្រួសារ សាច់ញាតិ ប្រពន្ធ​កូន​បងប្អូន​ផងដែរ រីឯ​អាវយឺត​ដែល ចែកជូន​ម្នាក់​មួយ នៅពេលនេះ គឺ​សម្រាប់​ពាក់​ចូលរួម ក្នុង​ពិធីជប់លៀង អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ជាមួយគ្នា ក្នុង​ទីបញ្ជាការ នៅ​ថ្ងៃទី​28 ខែមីនា ខាងមុខនេះ​។

ជា​ចុងក្រោយ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​សំណូមពរ​ដល់ នាយ នាយរង និង​ពល​អាវុធហត្ថ​ទូទាំង​រាជធានី​ក្រោម​ឱវាទ​លោក​ទាំងអស់ សូម​បន្ត​វប្បធម៌ សាមគ្គីភាព​ផ្ទៃក្នុង ឯកភាពគ្នា​តែមួយ ប្រឹងប្រែង​បំពេញភារកិច្ច បំរើ ការពារ សង្គ្រោះ ប្រជាពលរដ្ឋ គោរព​ច្បាប់​និង​សិទ្ធមនុស្ស លះបង់​កម្លាំងកាយ​ចិត្ត​ចូលរួម​ថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម និង​ស្ថេរភាព​នយោបាយ​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើរ​ត​ទៅមុខទៀត កុំបី​រុញ​រា​ឡើយ​៕

ចំនួនអ្នកទស្សនា

    20533667

  • ថ្ងៃនេះ10491
  • ម្សិលមិញ15681
  • សប្តាហ៍នេះ69331
  • ខែនេះ91211
  • ឆ្នាំនេះ91211
  • សរុប20533667