អ្នកយាម​ដី​ឲ្យ​មន្ត្រី​យោធា​ម្នាក់ ខឹង​ទារលុយ​អ្នកដឹកឈើ ៣០០០​រៀល​មិនបាន បាញ់​២​គ្រាប់ ត្រូវ​ប្រអប់ជើង​ជនរងគ្រោះ​

27-March-2016 | ដោយ មែន កំសត់


ពោធិ៍សាត់​៖ បុរស​ម្នាក់​ប្រើ​កាំភ្លើង AK បាន​បាញ់​២​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ប្រអប់​ជើងឆ្វេង​ជនរងគ្រោះ​ជា អ្នកដឹកឈើ​ក្រាក់ ពីព្រោះ​តែ​ខឹង​ទារលុយ​ថ្លៃ​ដឹកឈើ​មិនបាន នៅ​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​អូរ​ថ្ម​ដំរី ភូមិ​ព្រ​ងិ​ល ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​

​លោក ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ ប្រាប់ ឲ្យ​ដឹង​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា ជនសង្ស័យ មានឈ្មោះ មិន ខន អាយុ ៥០​ឆ្នាំ ជា​អ្នកយាម​ដី​អភិវឌ្ឍន៍ ឲ្យ​មន្ត្រី​យោធា នៃ​ក្រសួងការពារជាតិ​ម្នាក់ រស់នៅ​ភូមិ​កណ្តាល ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ដោយឡែក​ជនរងគ្រោះ​ឈ្មោះ ញន វុ​ធ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ចាម​ចាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ កើតឡើង​បណ្តាលមកពី​ជនសង្ស័យ ខឹង​ទារលុយ​ពី​គោយន្ត​កន្ត្រៃ​ដឹកអុស​ក្រាក់ ចំនួន​៤​គោយន្ដ ក្នុង​១​គោយន្ដ​ចំនួន​៣០០០​រៀល មិនបាន ដោយ​ជនរងគ្រោះ​សុំ​ឲ្យ តែ​ក្នុង​១​គោយន្ដ តែ​២០០០​រៀល​ប៉ុណ្ណោះ ទើប​ឈានដល់​ការបាញ់​គំរាម បណ្តាល​ឲ្យ​ដាច់​ប្រអប់ជើង​ខាងឆ្វេង​ជនរងគ្រោះ​ដូច្នេះ​។​

​សមត្ថកិច្ច​បាន​បន្តថា ក្រោយពេល​កើតហេតុ ជនសង្ស័យ​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវបាន​កម្លាំង​នគរបាល​រដ្ឋបាល​ឈើ​តុំ ចុះ​ស្រាវជ្រាវ និង​ធ្វើការ​ឃាត់ខ្លួន មក​សួរនាំ និង​ចាត់ការ​តា​មី​តិ​វិធី​។​ដោយឡែក​កាំភ្លើង​ដែល​បង្ក​របួស ត្រូវបាន​ទាហាន​ការពារ​ដី​នោះដែរ ឈ្មោះ សុខ ហឿន យកទៅ​រក្សាទុក​នៅផ្ទះ​មេ​របស់គេ ឈ្មោះ មាស ម៉ម​វុទ្ធី នៅ​ខេត្តពោធិ៍សាត់​៕

ចំនួនអ្នកទស្សនា

    20533417

  • ថ្ងៃនេះ10241
  • ម្សិលមិញ15681
  • សប្តាហ៍នេះ69081
  • ខែនេះ90961
  • ឆ្នាំនេះ90961
  • សរុប20533417