សៀមរាប ៖ ទំនិញគេចពន្ធជាងមួយតោនដែលនាំចូលតាម ច្រកអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបជាទំនិញថ្នាំពេទ្យប្រភេទ អាហារបំប៉នដែលសមត្ថកិច្ចគយចាប់បានកាលពីយប់ថ្ងៃទី២៤ខែមីនាឆ្នាំ ២០១៦កន្លងទៅបានរាប់ឃើញចំនួន៧០មុខគឺជាងមួយលានគ្រាប់គិតជា ទឹកប្រាក់រាប់សឹបម៉ឺនដុល្លារ។
លោកវរសេនីយឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប បានឲ្យដឹង នៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៦ ថា" តាមការសន្និដ្ឋានដំបូងចំពោះតួលេខទំនិញ ៥៤កេសដែលរឹបអូសនោះយើងមិននឹកស្មានថា មានចំនួនយ៉ាងច្រើនដល់កម្រិតនេះទេ។ យើងអាចគិតថាត្រឹមតែបួនទៅប្រាំមុខប៉ុណ្ណោះហើយក្នុងចំនួនទំនិញ ជាងមួយតោននេះយើងពិនិត្យឃើញជាក់ស្តែងមាន៧០មុខស្មើជាងមួយលាន គ្រាប់បើគិតជាតម្លៃអាចរាប់សិបម៉ឺនដុល្លារដែរ។លោកបន្តថាបើ យោងតាមច្បាប់នៃការគ្រប់គ្រងឱសថគឺយើងនឹងបញ្ជូនតាមនីតិវិធីទាំង វត្ថុតាងទាំងម្ចាស់ទំនិញទៅមន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីចាត់ការក្នុងសំណុំរឿងនេះ" ។
លោកស្រី លី វណ្ណៈ ប្រធានការិយាល័យឱសថ នៃមន្ទីរសុខាភិបាល ខេត្តសៀមរាប ដែលបានចូលរួមសហការក្នុងការត្រួតពិនិត្យ និងរាប់ផ្ទៀងផ្ទាត់ឱសថបំប៉នសុខភាព គ្រឿងសំអាង និងផលិតផលសុខភាពមួយចំនួនទៀតនោះ បានបញ្ជាក់ប្រាប់ថានៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ដែរថា ឱសថបំប៉នសុខភាព និងគ្រឿងសំអាងនេះ គឺមានចំនួន ៧០មុខ ស្មើនឹង ១.២០២.៣៦៦ គ្រាប់។
គួររំលឹកថាក្នុងប្រតិបត្តិ ការបង្ក្រាបទំនិញគេចពន្ធនេះកម្លាំងសមត្ថកិច្ចតាមចាប់បាននៅភូមិគោក ដូងសង្កាតទឹកវិលក្រុងសៀមរាបនៅចំណុចខាងមុខស្នងការដ្ឋាននគរបាល ខេត្តសៀមរាប។ក្នុងនោះសមត្ថកិច្ចក៍បានឃាត់ខ្លួនស្ដ្រីដែលបាននាំ ទំនិញទាំងនេះគឺមានឈ្មោះ ជា ណារី អាយុ ៤២ឆ្នាំរស់នៅភូមិដក់ពោធិ៍សង្កាត់ស្លក្រាមក្រុងសៀមរាបនិង អ្នកបើកបររថយន្តផងដែរ។ក្រៅពីនោះរួមមានទាំងរថយន្ដដឹកជញ្ជូនមួយគ្រឿង ទៀតពាក់ស្លាកលេខ ភ្នំពេញ 2AF-7251ត្រូវឃាត់ទុកនិង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕