ស្ទឹងត្រែង ៖ បុរសជាប្តីបានខឹងនឹងប្រពន្ធដែលពូកែ និយាយទូរស័ព្ទពេក កើតរឿងប្រចណ្ឌក៏យកសាំងចាក់ដុតបង្កឲ្យរបួសធ្ងន់ធ្ងរ។ ហេតុការណ៍បានកើតឡើងនៅភូមិស្រែពោធិ សង្កាត់ស្រះឫស្សី ក្រុងខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦។
លោក ប៊ុន រតនា មេប៉ុស្តិ៍ស្រះឫស្សី បានឲ្យដឹងថា ជនសង្ស័យឈ្មោះផេងវិចិត្រ អាយុ៣៥ឆ្នាំ មុខរបរកម្មរឡឥដ្ឋមានទីលំនៅភូមិសង្កាត់កើតហេតុ។ ចំណែកប្រពន្ធរងគ្រោះឈ្មោះ ចៅ ហ៊ាន អាយុ៣៤ឆ្នាំ មុខរបរកម្មករដូចគ្នារស់នៅកន្លែងកើតហេតុ។ មុនពេលបុរសនោះ បង្កអំពើហិង្សា គឺកើតឡើងដោយស្ត្រីជាប្រពន្ធបានទូរស័ព្ទទាក់ទងជាមួយបុរសម្នាក់នៅ ខេត្តកំពង់ធំ ស្ទើររៀងរាល់ថ្ងៃក្នុងន័យជ្រាលជ្រៅ។
លោកមេ ប៉ុស្តិ៍បានបន្តថា ដោយឃើញសកម្មភាពរបស់ប្រពន្ធដូចជាហួសហេតុពេក ប្តីទ្រាំមិនបានក៏កើតរឿងប្រចណ្ឌឈ្លោះប្រកែកគ្នាទាំងកណ្តាលយប់។ លុះព្រឹកឡើងថ្ងៃទី២៧មីនា ក៏កើតជម្លោះម្តងទៀត ត្រូវប្តីដើរទៅទិញសាំងច្រកស្បោងមួយស្បោងប្រហែលកន្លះលីត្រ យកមកជះលើប្រពន្ធ រួចយកដែកកេះដុតតែម្តង បណ្តាលឲ្យឆេះសន្ធៅសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គ្រាដែលភ្លើងឆេះប្រពន្ធប្តីមិនទៅណាទេ គឺនៅអង្គុយមើលតែមានកម្មករដូចគ្នា មកជួយពន្លត់ រួចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងស្ទឹងត្រែង។ ក្រោយពីកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្រះឫស្សី សហការជាមួយប៉ូលិសក្រុងស្ទឹងត្រែង បានចុះឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ និងចាត់ការតាមច្បាប់៕