រតនគិរី ៖ ប្រពន្ធថៅកែទិញលក់ដំឡូងក្នុងស្រុកកូនមុំម្នាក់ត្រូវចោរប្រដាប់ អាវុធមួយក្រុមចូលប្លន់ដល់ក្នុងលំនៅឋាន យកអស់ប្រាក់ប្រមាណជា៣ម៉ឺនដុល្លារអាមេរិក ខណៈដែលម្ចាស់ផ្ទះរងគ្រោះកំពុងអង្គុយនៅក្រោមផ្ទះ កាលពីម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា វេលាកើតហេតុខាងលើ ស្ដ្រីម្ចាស់ផ្ទះឈ្មោះ មឿង សោភ័ណ្ឌ អាយុ៣៤ឆ្នាំ នៅអង្គុយក្រោមផ្ទះរួមជាមួយកូនៗ ស្រាប់តែមានមនុស្សមិនស្គាល់ឈ្មោះចំនួន៣នាក់ ដើរសំដៅចូលមកធ្វើសកម្មភាពភ្ជង់ដោយកាំភ្លើងប្លន់តែម្ដង ។
តាមប្រភពពីម្ចាស់ផ្ទះបានឱ្យដឹងថា ខណៈគាត់កំពុងអង្គុយនៅក្រោមផ្ទះ ស្រាប់តែក្រុមចោរមានគ្នា៣នាក់ដើរសំដៅមករកគាត់ ហើយម្នាក់បានយកកាំភ្លើងភ្ជង់គាត់ និងស្រែកថាកុំឡូឡា នៅឱ្យស្ងៀម រួចបញ្ជាឱ្យកូនៗចូលក្នុងផ្ទះបាយគំរាមដោះយកគ្រឿងអលង្ការ ។ ភ្លាមៗបញ្ជាឱ្យគាត់នាំឡើងលើផ្ទះ ទាររកកូនសោទូចាក់ប្រមូលយកលុយច្រកស្បោងទាំងអស់ ព្រមទាំងរើកកាយតាមបន្ទប់ ហើយសួររកសោរថយន្ត ប៉ុន្តែគាត់ប្រាប់ថា សោរថយន្តនៅប្ដីរបស់គាត់ដែលពេលនេះមិននៅផ្ទះទេ ។
ស្ដ្រីជាប្រពន្ធថៅកែទិញ-លក់ដំឡូងបានប្រាប់ក្រុមអ្នកយក ព័ត៌មានបន្តទៀតថា បន្ទាប់ពីធ្វើសកម្មភាពប្លន់រួច ក្រុមចោរបានគេចខ្លួនអស់ មិនដឹងថា គេចដោយមធ្យោបាយអ្វីទេ ព្រោះពេលនោះគាត់តក់ស្លុត និងភ័យពេក តាមមើលពួកចោរមិនទាន់ ។
តាមប្រភពដដែលបន្តទៀតថា ក្រុមចោរប្លន់ទាំង៣នាក់នោះ មានបុរសចាស់អាយុប្រហែល៥០ឆ្នាំម្នាក់ និងក្មេងៗអាយុក្រោម២០ឆ្នាំម្នាក់ មានកាន់កាំភ្លើងវែង១ដើម និងខ្លី១ដើម ។ ក្នុងហេតុការណ៍ប្លន់ប្រដាប់អាវុធនេះ ពុំបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់នោះទេ ប៉ុន្តែបាត់បង់ទ្រព្យសម្បត្តិអស់៩០លានរៀល ប្រាក់ដុល្លារ៧០០០ដុល្លា ចិញ្ចៀនមាស១វង់ ប្លាទីន១វង់ ក្រវឹល១គូ ទូរស័ព្ទអាយហ្វូន១ សាំសុង១ បើគិតជាប្រាក់ដុល្លា សរុបអស់ប្រមាណ៣ម៉ឺនដុល្លា ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចតាមស្ទាក់និងសហការគ្នាគ្រប់ច្រកល្ហកដែរ ប៉ុន្តែរកពុំទាន់ឃើញស្រមោលចោរប្លន់នោះឡើយ ។ ទោះជាបែបណា សមត្ថកិច្ចកំពុងបានបន្តស្រាវជ្រាវគ្រប់ទិសទី និងតាមបណ្ដាខេត្តផ្សេងៗទៀត ដែលនៅជាប់ព្រំប្រទល់គ្នាផងដែរ ៕