សមត្ថកិច្ចបង្ក្រាបស្ត្រី២នាក់លួចដឹកឈើតាមកាណូតទាំងយប់

28-March-2016 | ដោយ មែន កំសត់



​ត្បូងឃ្មុំ ៖ កាណូត​ម៉ាស៊ីន​១​គ្រឿង​ដឹកឈើ​សុ​ក្រំ​ចេញ​មកពី ខេត្តក្រចេះ ចំនួន​២៥០​ដុំ បាន​បើក​ចុះ​តាម​ខ្សែទឹក​ហូរ​ទន្លេមេគង្គ​ក្នុង​គោលបំណង​យកទៅលក់​នៅ ស្រុកក្រោម ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ​ធ្វើការ​បង្ក្រាប បាន ដោយ​ឃាត់ខ្លួន​មនុស្ស​២​នាក់​ផងដែរ ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៧ មីនា ២០១៦ ត្រង់ចំណុច​ភូមិ​ទី​៤ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ រហូតមកដល់​ព្រឹក​ថ្ងៃទី​២៨​មីនា ទាំង​មនុស្ស​និង​វត្ថុតាង​ត្រូវបាន​ប្រគល់​ឲ្យ​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​ប្រភពពី​នគរបាល​ស្រុក​ក្រូចឆ្មារ​ឲ្យ​ដឹងថា​៖ នៅវេលា​យប់​ជ្រៅ​ស្ងាត់​ថ្ងៃ​ខាងលើ គេ​បានឮ​សំឡេង​កាណូត​១​គ្រឿង​បាន​បើក​ចុះ​តាម​ទន្លេមេគង្គ ដោយ​សង្ស័យ​មាន​ដឹកឈើ​សមត្ថកិច្ច​បានចេញ​ទៅពិនិត្យ​មើលឃើញ​មាន​ឈើ​ក្នុង កាណូត​នោះ​មែន ក៏ត្រូវ​បាន​លោក​អធិការនគរបាល​ស្រុក​បញ្ជា​ឲ្យ​បើក​ចូលមក​ច្រាំងទន្លេ រួច​រាយការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ព្រមទាំង​ឃាត់ខ្លួន​បាន​ស្ត្រី​២​នាក់​ផងដែរ ។​

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ជា​ម្ចាស់​កាណូត​មាន ១-​ឈ្មោះ គីម ហ៊ី អាយុ​៥៥​ឆ្នាំ និង ២-​ឈ្មោះ គីម គា អាយុ​៤៥​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​កំពង់​ស្តី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ត្រូវបាន​នាំខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ​ដើម្បី សួរនាំ ចំណែក​ឈ្មោះ ភី ណា​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​បើកកាណូត​ដឹកឈើ​បាន​រត់​គេចខ្លួនបាត់ ។ ហើយ​រហូតមកដល់​ព្រឹក​ថ្ងៃទី​២៨​មីនា​នេះ ទាំង​ឈើ​និង​មនុស្ស​ស្រី​២​នាក់ ត្រូវបាន​ប្រគល់​ឲ្យ​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្ត​តាម នីតិវិធី​ច្បាប់ ។​

លោក សួរ ដាវី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្រើយ​ស្តាំ បាន​ប្រាប់​ឲ្យ​ដឹងថា កាណូត​ដឹកឈើ​នោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជា​អ្នក​ចាប់ ហើយ​រូបលោក​បាន​ចាត់​ឲ្យ​មន្ត្រី​របស់លោក​២​នាក់​ចុះទៅ​កាន់​ស្រុក ក្រូចឆ្មារ​ហើយ​ដើម្បី​ពិនិត្យមើល​ឯកសារ​ដែល​នគរបាល​ស្រុក​ក្រូចឆ្មារ​បាន ចងក្រង ។​

លោក ប៉ុក តារា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កាណូត​ដឹកឈើ​ខាងលើ​នោះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​នៅ​យប់​ថ្ងៃទី​២៧​មីនា ហើយ​រហូតមកដល់​ព្រឹក​ថ្ងៃទី​២៨​មីនា រូបលោក​បាន​ចុះទៅ​ពិនិត្យមើល​ដោយផ្ទាល់ និង​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​បញ្ជូន​វត្ថុតាង និង​មនុស្ស​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត​ឲ្យ​រូបលោក​ពិនិត្យ​តាម​ក្រោយ​នៅ​សាលាដំបូង​ខេត្ត ៕

ចំនួនអ្នកទស្សនា

    20533217

  • ថ្ងៃនេះ10041
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68881
  • ខែនេះ90761
  • ឆ្នាំនេះ90761
  • សរុប20533217