កំពត ៖ បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់លើតូបលក់ដូរ០១កន្លែង ដែលគាត់តែងតែមកដេកជាប្រចាំនៅជិតផ្លូវរថភ្លើង កាលពីព្រឹក ថ្ងៃទី២៨ មីនា ២០១៦ នេះ ក្នុងភូមិទូកមាស ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ។
ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះចេន ដន អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិច្រក់ឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស មានប្រពន្ធ ឈ្មោះ អ៊ុក អ៊ូច អាយុ៤៦ឆ្នាំ តែលែងលះគ្នាជិត៣ឆ្នាំមកហើយ និងមានប្តីក្រោយម្នាក់ទៀត ។
បើ យោងតាមអ្នកភូមិបានឱ្យដឹងថា ជនរងគ្រោះមកពីគាត់ឈឺចិត្ត ដោយសារប្រពន្ធបានស្រឡាញ់ជាមួយបុរសម្នាក់ឈ្មោះ គួយ ដែលជាក្លើនឹងគ្នា និងធ្វើការជាមួយគ្នាដោយស៊ីអត់ស៊ីឃ្លានជាមួយគ្នា តែយូរៗទៅត្រូវប្រពន្ធឈ្មោះ អ៊ុក អ៊ូច ស្និទ្ធស្នាលជាមួយរហូតយកធ្វើជាប្តីរហូតមកដល់សព្វថ្ងៃ ។
រីឯ ជនរងគ្រោះឈ្មោះចេន ដន ជាប្តីដើម បានឆ្កូតចិត្តនិងឃើញប្រពន្ធខ្លួនយកក្លើម្រាក់ធ្វើជាប្តី ក៏ដើរផឹកស្រាលែងចូលផ្ទះសម្បែង ដើរតែដេកគ្រប់ទីកន្លែង រហូតត្រូវគេប្រទះឃើញស្លាប់នៅលើតូបលក់ដូរបែបនេះ ។
អ្នក ភូមិបន្តទៀតថា៖ ឈ្មោះចេន ដន ជាមនុស្សស្លូត តែចាប់ពីប្រពន្ធទៅយកក្លើម្រាក់ធ្វើជាប្តីនោះ ក៏ឈប់ចូលផ្ទះ ហើយផឹកស្រាលែងសូវនិយាយជាមួយអ្នកណា ប៉ុន្តែត្រូវអ្នកភូមិទូកមាសអាណិត នៅតែហៅហូបបាយទឹក ។
ទោះបីជា បែបណា សពជនរងគ្រោះត្រូវនាងជាប្រពន្ធ និង ប្តីក្រោយ បានគិតគូរដោយនិមន្តព្រះសង្ឃមកសូត្រមន្តនៅនឹងតូបកន្លែងដេក ស្លាប់ ៕